ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ ដែលបានធ្វើនៅថ្ងៃទី២៣ ខែកុម្ភៈ គឺជាការចាប់ផ្តើមយុគសម័យថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយការនាំមកនូវផលិតផលទេសចរណ៍ឌីជីថលអ៊ីមមើស៊ីវអង្គរ (Immersive Angkor) ទំនើបដំបូងគេបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សៀមរាប ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ — ក្រុមហ៊ុនសិប្បករអង្គរ (Artisans Angkor) បានបើកបង្ហាញជាផ្លូវការនូវគម្រោងវិនិយោគជាទឹកប្រាក់សរុបចំនួន៥លានដុល្លារ។ នេះគឺជាការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់បំផុត នៅក្នុងវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន ដែលជាលទ្ធផល ខេត្តសៀមរាបនឹងមានគោលដៅទេសចរណ៍វប្បធម៌ដ៏ថ្មីស្រឡាងនិងគួរឱ្យទាក់ទាញបំផុតមួយទៀតនាចុងឆ្នាំ២០២៦នេះ។ តាមគម្រោង ការសាងសង់អគារមហោស្រពសិប្បករអង្គរ នឹងត្រូវបញ្ចប់ និងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៦។ គោលដៅចម្បងមួយរបស់គម្រោង គឺចូលរួមចំណែកធ្វើឱ្យភ្ញៀវទេសចរពន្យារការស្នាក់នៅ និងបង្កើនចរន្តសេដ្ឋកិច្ចរបស់ខេត្តសៀមរាប។
ពិធីសម្ពោធបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅតាមបែបប្រពៃណីសាសនាខ្មែរ និងមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ង៉ូវ សេងកាក់អភិបាលរង ខេត្តសៀមរាប។ តាមរយៈគម្រោងដ៏មានសក្តានុពលនេះ ទីតាំងរមណីយដ្ឋាននៅសៀមរាបបច្ចុប្បន្នរបស់ក្រុមហ៊ុនសិប្បករអង្គរ នឹងវិវត្តក្លាយជា រមណីយដ្ឋានសិប្បករអង្គរ ដែលនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុត នៅចំកណ្តាលក្រុងសៀមរាប។
រមណីយដ្ឋានសិប្បករអង្គរលាតសន្ធឹងនៅលើផ្ទៃដីទំហំមួយម៉ឺនម៉ែត្រការេ និងត្រូវបានរចនាដើម្បីតភ្ជាប់បេតិកភណ្ឌបុរាណខ្មែរ ជាមួយនឹងបទពិសោធន៍ក្នុងសម័យទំនើប។ ការអភិវឌ្ឍ នេះឆ្លើយតបនឹងតម្រូវការកើនឡើងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ អំពីការទទួលបានបទពិសោធន៍កាន់តែស៊ីជម្រៅអំពីវប្បធម៌ខ្មែរ ក្រៅពីរូបចម្លាក់ដែលមាននៅតាមជញ្ជាំងប្រាសាទ។
ទិដ្ឋភាពនៅក្នុង “រមណីយដ្ឋានសិប្បករអង្គរ” (The Living Art Village)
យោងតាមផែនការមេ រមណីយដ្ឋានសិប្បករអង្គរ ជាការរួមបញ្ចូលគ្នានូវ ៖
១. អគារមហោស្រពសិប្បករអង្គរ
ចំណុចស្នូលរបស់រមណីយដ្ឋានសិប្បករអង្គរ គឺអគារមហោស្រពសិប្បករអង្គរដែលមានកម្ពស់៣ជាន់ និងផ្ទៃសរុប ៣០០០ ម៉ែត្រការេ ដែលបែងចែកជាផ្នែកដូចខាងក្រោម៖
• សាលមហាស្រពអ៊ីមមើស៊ីវអង្គរ (ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍)៖ ក្នុងកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន “អ៊ីមមើស៊ីវអង្គរ” បទពិសោធន៍ឌីជីថលដ៏ទំនើបនឹងនាំអ្នកទស្សនាចូលទៅក្នុងសម័យអាណាចក្រអង្គរដោយប្រើប្រាស់បច្ចេកវិទ្យាបង្ហាញទស្សនីយភាពនិងសំឡេងដ៏ទំនើបបំផុត។ វាជាផលិតផលឌីជីថលទំនើបនិងទាក់ទាញបំផុតដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
• ហាងសិប្បករអង្គរថ្មី៖ ជាកន្លែងលក់ផលិតផលហត្ថកម្មឬសិប្បកម្មសិល្បៈរបស់សិប្បករខ្មែរ ដែលរួមមានដូចជា៖ ចម្លាក់ឈើ ចម្លាក់ថ្ម ខ្មុកម្រ័ក្ស សូត្រ ជាពិសេស ផលិតផលថ្មីៗដែលនឹងត្រូវបានរចនានិងដាក់លក់នៅក្នុងហាងថ្មីនេះ។
• ហាងកាហ្វេទាន់សម័យ៖ ជាកន្លែងដែលត្រូវរចនាឡើងដោយការលាយបញ្ចូលគ្នារវាងសិប្បកម្មខ្មែរ និងវប្បធម៌កាហ្វេដ៏រស់រវើករបស់ខេត្តសៀមរាប។
• ហាងលក់សៀវភៅវប្បធម៌និងសិល្បៈ៖ ដែលផ្តោតលើសិល្បៈ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មខ្មែរ។
២. សារមន្ទីរសិប្បករអង្គរ (The Living Museum)៖ ជាសាលពិព័រណ៍ និងរោងជាងហត្ថកម្មនានា ដែលអ្នកទស្សនាអាចទស្សនាភាពប៉ិនប្រសប់របស់សិប្បករតម្បាញសូត្រ ចម្លាក់ឈើ ចម្លាក់ថ្ម ចម្លាក់ប្រាក់ និងខ្មុកម្រ័ក្សណ៍ដោយផ្ទាល់។
៣. សួនចម្លាក់សិប្បករអង្គរ (The Living Art Canvas)៖ ជាសួនចម្លាក់ក្រៅអគារ ដែលមានសិប្បករកំពុងឆ្លាក់យ៉ាងសកម្មនូវចម្លាក់ប្រណីតធំៗ ដែលផ្តល់ជូនភ្ញៀវនូវទិដ្ឋភាពដ៏កម្រនៃការបង្កើតចម្លាក់ធំៗរបស់ខ្មែរ។
បង្កើនចរន្តសេដ្ឋកិច្ចនាពេលរាត្រី ក្នុងក្រុងសៀមរាប
គម្រោងនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកក្នុងការបង្កើនភាពរស់រវើកបន្ថែមមួយកម្រិតទៀតនាពេលរាត្រី សម្រាប់ភ្ញៀវទេសចរ។ បរិយាកាសទាំងមូលនៃរមណីយដ្ឋានសិប្បករអង្គរ នឹងត្រូវបានបំពេញបន្ថែមដោយគំនិតច្នៃប្រឌិតខាងអាហារ និងភេសជ្ជៈ។
ការអភិវឌ្ឍដែលផ្តោតលើពេលល្ងាច មានគោលបំណងដោះស្រាយបញ្ហាប្រឈមដ៏រ៉ាំរ៉ៃនៅក្នុងវិស័យទេសចរណ៍ គឺការរក្សាភាពរស់រវើករបស់ភ្ញៀវទេសចរបន្ទាប់ពីថ្ងៃលិច។ រមណីយដ្ឋានសិប្បករអង្គរ នឹងទាក់ទាញភ្ញៀវទេសចរមិនត្រឹមតែនៅពេលថ្ងៃប៉ុណ្ណោះទេ ថែមទាំងនៅពេលយប់ផងដែរ ដោយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាបមានភាពស្រស់បំព្រង និងថាមពលជាងមុន។
លោក កាយ ឡូត អគ្គនាយកក្រុមហ៊ុនសិប្បករអង្គរមានប្រសាសន៍ថា៖ “បងប្អូនចង់ដឹងថា តើនឹងមានអ្វីថ្មីហើយប្លែក ដែលនឹងផ្តល់ជូនដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងខេត្តសៀមរាប។ ជាមួយនឹងគម្រោងវិនិយោគនេះ យើងខ្ញុំកំពុងបើកបង្ហាញពីអនាគត។ យើងខ្ញុំជឿជាក់ថា រមណីយដ្ឋានសិប្បករអង្គរគឺជាបុព្វហេតុមួយទៀត ដែលធ្វើឱ្យភ្ញៀវទេសចរជ្រើសរើសពន្យារការស្នាក់នៅរបស់ពួកគេនៅក្នុងខេត្តសៀមរាប។ គម្រោងនេះ ត្រូវបានរចនាឡើង ដើម្បីបង្កើតនូវគោលដៅទេសចរណ៍ដ៏មានឥទ្ធិពលមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចរយៈពេលវែងដល់ខេត្តសៀមរាប។”
សេដ្ឋកិច្ច និងអនាគត
គម្រោងនេះនឹងផ្តល់នូវភាពកក់ក្តៅ និងភាពជឿជាក់ទៅដល់វិស័យទេសចរណ៍ ដោយផ្សារភ្ជាប់កេរដំណែលបុរាណខ្មែរ ទៅនឹងបច្ចេកវិទ្យាទំនើប និងទីកន្លែងកម្សាន្ត រមណីយដ្ឋានសិប្បករអង្គរ នឹងក្លាយជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញក្នុងតំបន់។
ពិធីសម្ពោធបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ បានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលជាការចាប់ផ្តើមសាងសង់ជាផ្លូវការ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថានឹងធ្វើនៅក្នុង ខែ វិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
លោក ឱ សក្ករៈឥន្ទ្របុត្រសត្យា (Bot OR)
ប្រធានផ្នែកបទពិសោធន៍ឌីជីថល
អ៊ីមែល៖ bot.or@artisansangkor.com
ទូរសព្ទ៖ +៨៥៥ ៧៨ ៦៣២ ៦២៣
គេហទំព័រ៖ www.artisansangkor.com | facebook.com/artisansangkor






