ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត ស្តីពី ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍។
រាជរដ្ឋាភិបាលសម្រេច មាត្រា១ — ត្រូវបានបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡឺ បឹងស្នេហ៍ ដែលមានផ្ទៃដីទំហំ៣ ៥៥៧(បីពាន់ប្រាំរយហាសិបប្រាំពីរ)ហិចតា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(Datum: WGS1984) ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃ អនុក្រឹត្យនេះ។
មាត្រា២ — ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ មានគោលបំណងដូចតទៅ ៖ – ធានាការថែរក្សានិងការការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និង វប្បធម៌ – ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព – រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ – បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ – បង្កើននិងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ – លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ទួលព័ន្ធតាឡឺ បឹងស្នេហ៍។
មាត្រា៣ — ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង សហគមន៍មូលដ្ឋានពាក់ព័ន្ធ ដើម្បីធានា កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាម បទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
មាត្រា៤ –ព្រំប្រទល់និងផ្ទៃក្រឡាតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ នឹងត្រូវធ្វើបច្ចុប្បន្នភាពនិង កែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃ និងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
មាត្រា៥ -បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ