ពិតណាស់ ក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានសង្កេតឃើញថា មានស្ត្រីៗយ៉ាងច្រើនបានជ្រើសយកវិស័យអនឡាញ ធ្វើជាគោលដៅដ៏សំខាន់ ក្នុងការឡាយវីដេអូលក់ផលិតផលថែរក្សាសម្រស់ និងផលិតផលផ្សេងៗជាដើម។ ប៉ុន្តែ ទន្ទឹមនោះ ក៏មានបុគ្គលមួយចំនួនដែលមានចរិក និងចេតនា បញ្ចេញភាពសិចស៊ី សម្ញែងគល់ភ្លៅ និងសាច់ដើមទ្រូង ដើម្បីទទួលបានការទាក់ទាញចំណាប់អារម្មណ៍ ដោយមិនខ្វល់ពីតម្លៃសេចក្តីថ្លៃថ្នូរក្នុងនាមខ្លួនឯងជាស្ត្រីភេទ និងក៏ដូចធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គម និងភាពថ្លៃថ្នូររបស់ស្ត្រីខ្មែរសោះឡើយ។
អ្វីដែលហួសចិត្តបំផុតទៀតនោះ គឺក្រៅពីក្រុមអ្នកឡាយលក់ផលិតផលអនឡាញបញ្ចេញភាពសិចស៊ី ក្នុងនោះក៏មានក្រុមក្មេងស្រីជំទង់ៗ ឬហៅថា (ក្រុមអស់កែ) ក៏បាននាំគ្នាជ្រួលជ្រើមឡាយបញ្ចេញភាពសិចស៊ីសឹងតែលេចកេរ្តិ៍ម៉ែតែម្តង គ្រាន់តែដើម្បីចង់បានការ Like និងបេះដូង ជាពិសេសនៅលើបណ្តាញសង្គម Tik Tok និងបណ្តាញសង្គមមួយចំនួនទៀត។ ហើយលើសពីនេះទៀត រហូតមានស្រី្តមួយចំនួនតូច ដល់ថ្នាក់ហ៊ានយកបណ្តាញសង្គម ធ្វើជាកន្លែងប្រូម៉ូតសម្រាប់លក់ដូរផ្លូវភេទផងដែរ។
ជាក់ស្តែង ដូចជាស្រីស្រស់ម្នាក់នេះ ដែលមានផេកហ្វេសប៊ុកទើបតែ បង្កើតមានឈ្មោះថា «Edrfd» និងប្រាប់ថាកំពុងស្នាក់នៅម្តុំវត្តសន្សំកុសល បាននិងកំពុងចាប់ផ្តើមឡាយវីដេអូបញ្ចេញមុខយ៉ាងចំហរ ជាមួយការស្លៀកពាក់បញ្ចេញដើមទ្រូងដ៏សិចស៊ី និងពិសេសដាក់ Caption ទាក់ទាញការចាប់អារម្មណ៍ ដែលធ្វើឲ្យអ្នកចូលទស្សនាឡើងក្តៅសាច់តែម្តង។ ពុំត្រឹមតែប៉ុណ្ណឹងទេ ផេកស្រីស្រស់រូបនេះ ក៏បានបញ្ចេញវីដេអូដ៏អាសអាភាសទៀតផង។
ក្រោយពីបានឃើញ និងអត់ទ្រាំពុំបានពីទង្វើដ៏ព្រហើនរបស់ស្រីស្រស់រូបនេះ ក្នុងនោះ នារីម្នាក់ដែលមានគណនីហ្វេសឈ្មោះ Loy Loy ក៏បានប្រាប់ទៅមន្ត្រីពាក់ព័ន្ធម្នាក់ តាមរយៈការឆាតនៅលើបណ្តាញសង្គម ឲ្យប្រញាប់ចាត់វិធានការទៅស្រីរូបនេះជាបន្ទាន់ ហើយមន្ត្រីរូបនោះ គាត់ក៏បានឆ្លើយតបនឹងធ្វើការលើរឿងនេះផងដែរ ដោយបានប្រាប់យ៉ាងដូច្នេះថា «អរគុណសម្រាប់ការចាប់អារម្មណ៍ យើងខ្ញុំនឹងទាក់ទងនៅពេលបន្តិចទៀតនេះ។ សូមអរគុណ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង