Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម លើកឡើង​ពី​ករណី​អធិការ​ស្រុក​កំរៀង មានបទពិសោធន៍​មិនល្អ ប្រៀប​បានជា​កញ្ចក់ សម្រាប់​ថ្នាក់ដឹកនាំ​នគរបាល​ផ្សេងទៀត ដើម្បី​បញ្ចៀស​កំហុសឆ្គង​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង យូ​អ៊ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ បានធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម​ថា រថយន្ត​ដែល​បាន​ផ្ដល់ជូន​នាឱកាស​នេះ គឺជា​ប្រភេទ​រថយន្ត​Ford មាន​ចំនួន​៥០​គ្រឿង ដោយ​បែង​ចែកជូន​បណ្ដា​អធិការដ្ឋាន​នគរបាល​ស្រុក​ដាច់​ស្រ​យ៉ា​ល​នៅតាម​បណ្ដា​ខេត្ត​ចំនួន​១៩​។

​ឯកឧត្តម​បន្តថា​ក្នុងនោះ ស្នងការ​នគរបាល​ខេត្តព្រៃវែង​ទទួលបាន​៥​គ្រឿង​, បាត់ដំបង​៥​គ្រឿង​, បន្ទាយមានជ័យ​២​គ្រឿង​, ស្ទឹងត្រែង​២​គ្រឿង​, ពោធិ៍សាត់​២​គ្រឿង​, ព្រះវិហារ​៣​គ្រឿង​, កណ្ដាល​៤​គ្រឿង​, កំពង់ស្ពឺ​៣​គ្រឿង​, កំពង់ឆ្នាំង​២​គ្រឿង​, កំពង់ចាម​២​គ្រឿង​, ត្បូងឃ្មុំ​១​គ្រឿង​, ក្រចេះ​៤​គ្រឿង​, តាកែវ​២​គ្រឿង​, កំពត​២​គ្រឿង​, ព្រះសីហនុ​២​គ្រឿង​, កោះកុង​៣​គ្រឿង​, កំពង់ធំ​២​គ្រឿង​, សៀមរាប​២​គ្រឿង​, រតនគិរី​២​គ្រឿង​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រំលឹកថា​កន្លងមក ក្រសួងមហាផ្ទៃ​បាន​ផ្ដល់ជូន​រថយន្ត​ចំនួន​៣​លើក​រួចមកហើយ​ដល់​បណ្ដា​ស្នងការដ្ឋាន អធិការដ្ឋាន និ​វរៈ​ការពារ​ព្រំដែន ដោយបាន​ប្រើប្រាស់​ថវិកា​សន្សំ​ពី​ចំណែក​មួយ​នៃ​ថវិកាជាតិ ដែល​រាជរដ្ឋាភិបាល​បានផ្ដល់​មក​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​បន្តថា កន្លងមក​ថវិកា​សន្សំ​នេះ ក្រសួង​បាន​ប្រើប្រាស់​សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នគរបាល រហូតមកដល់​ពេលនេះ ធ្វើឱ្យ​សាលា​នគរបាល​គ្រប់​ភូមិភាគ​នៅ​កម្ពុជា កាន់​តែមាន​សមត្ថភាព និង​គុណភាព​ក្នុងការ​បណ្ដុះបណ្ដាល​នគ​របាល រហូត​ឈានទៅ​កាត់បន្ថយ​ការបញ្ជូន​នគរបាល​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​។​

​សម្ដេច​បាន​មានប្រសាសន៍ថា នៅពេលនេះ នៅ​ខ្វះ​រថយន្ត​ជាង​៨០​គ្រឿង​ទៀត​ដែល​ត្រូវ​ផ្ដល់ជូន​គ្រប់​អធិការដ្ឋាន​នគរបាល និង​វរៈ​ការពារ​ព្រំដែន ប៉ុន្តែ​សម្ដេច​បានប្រកាសថា​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ទិញ​រថយន្ត​ថ្មី​បន្ថែមទៀត ដើម្បី​បង្គ្រប់​ចំនួន​នៅ​សេសសល់​នោះ​ហើយ ដោយ​រថយន្ត​នឹង​អាចមក​ដល់​នា​មុន​បំណាច់​ឆមាស​ទី​២​ឆ្នាំ​២០២១​នេះ​។

​សម្ដេច​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា រថយន្ត​ទាំងនេះ គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ត្រូវ​ចុះបញ្ជី​សារពើ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​សម្រាប់​ការលើក​គម្រោង​ប្រេងឥន្ធនៈ​ផង និង​ការជួសជុល​ថែទាំ​ផង​។ សម្ដេច​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ថែទាំ និង​ប្រើប្រាស់រ​យន្ត​ទាំងនេះ​ឱ្យចំ​គោលដៅ ចៀសវាង​បំរើឱ្យ​ផលប្រយោជន៍​បុគ្គល ឬ​បែរជាយក​ទៅធ្វើជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​។

​សម្ដេច​ក្រឡាហោម ក៏បាន​ឆ្លៀត​លើកឡើង​ពី​ករណី​អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែលមាន​បទពិសោធន៍​មិនល្អ​ប្រៀប​បានជា​កញ្ចក់​សម្រាប់​ថ្នាក់ដឹកនាំ​នគរបាល​ផ្សេងទៀត ដើម្បី​បញ្ចៀស​កំហុសឆ្គង​ក្នុង​វិជ្ជាជីវៈ ជាហេតុ​នាំឱ្យ​ទទួល​ការពិន័យ ឬ​ទណ្ឌកម្ម ដក​សក្ដិ និង​បណ្ដេញចេញ​។​

​សម្ដេច​បាន​មានប្រសាសន៍ថា​ពេលនេះ ក្រសួង​ក៏​កំពុង​ខិតខំ​ពង្រឹងកម្លាំង​អធិការដ្ឋាន​នគរបាល និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ឱ្យមាន​ភាពរឹងមាំ និង​គុណភាព រួមទាំង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការបំពាក់​បរិក្ខារ ការដាក់វិន័យ និង​លើកទឹកចិត្ត ត្បិត​ពួកគាត់​គឺជា​អ្នក​ក្ដាប់​សភាពការណ៍​ស​ន្តិ​សុខ និង​នៅ​កៀក​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​អ្នកបំរើ​សេវាសាធារណៈ​មួយ​របស់​រដ្ឋ​។

​សម្ដេច​បាន​បន្ថែមថា នៅតាម​មូលដ្ឋាន​មាន​តួអង្គ​៤​ដែល​ថ្នាក់ដឹកនាំ ក្នុងនោះ​ក៏មាន​ក្រុមការងារ​រាជរដ្ឋាភិបាល ត្រូវ​គិតគូ​ពី​ការលើកទឹកចិត្ត និង​ពង្រឹង​កិច្ចការ​បំរើសេវា​សាធារណៈ​រួមមានៈ ១-​មេឃុំ​ចៅសង្កាត់​, ២-​ស្មៀនឃុំ​សង្កាត់​, ៣-​មេ​ប៉ុស្តិ៍នគរបាល​ឃុំ​សង្កាត់ និង​៤-​មេភូមិ ដោយ​គួរ​ផ្ដោតលើ​ការពង្រឹង​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​ទើបបាន​កែសម្រួល​។​

​នៅក្នុង​ឱកាស​នេះដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​ណែនាំ​ឱ្យកម្លាំង​នគរបាល​គ្រប់​អធិការដ្ឋាន ត្រៀម​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ និង​សហការ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ឱ្យបាន​ល្អប្រសើរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×