Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន បង្ក្រាប​បទល្មើស​បាន​ចំនួន ១,០១៩​ករណី ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ តុលាការ​ចំនួន ៤៧​ករណី​

​ព្រៃ​ឡង់ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​ដោយ​មិន​ខ្លាច​នឿយហត់ និង​មិន​ខ្លាច​ពី​គ្រោះថ្នាក់​ក្នុង​ការចុះ​ល្បាត ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ទាំងមូល​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​កម្ពុជា​នៅសល់​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។ ការថ្លែងអំណរគុណ​នេះ​ធ្វើឡើង​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក្នុងឱកាស​ចូលរួម​ជា​អធិបតីភាព​កម្មវិធី​បោះជំរុំ​ក្រោម​ប្រធានបទ​«​យើង​ស្រឡាញ់​ព្រៃ​ឡង់​» នៅក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៤​និង​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ក្នុងការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍​តំបន់ការពារធម្មជាតិ​ដោយមាន​ការគាំទ្រ​ពី​អង្គការ​ដៃគូ បាន​ចុះ​ល្បាត​ចំនួន ១,៧២៨ លើក បង្ក្រាប​បទល្មើស​បាន​ចំនួន ១,០១៩​ករណី ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ តុលាការ​ចំនួន ៤៧​ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៨១​គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ១១៦​គ្រឿង រឹបអូស​ម៉ូតូ​ចំនួន ៤៧​គ្រឿង ដោះ​អន្ទាក់​ចេញពី​តំបន់​ព្រៃ​ឡង់​បាន​ចំនួន ២,៦៣០​អន្ទាក់ ដកហូត​កាំភ្លើង​កែច្នៃ​ចំនួន ១១៧​ដើម ដកហូត​ឈើ​បាន​ចំនួន ២៧៥​ម៉ែត្រគូប ពិន័យ​អន្តរការណ៍​ចំនួន ៦៩​ករណី និង​ធ្វើ​កិច្ចសន្យា​និង​អប់រំ​ចំនួន ៣៧៩​ករណី​។ ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៦ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រង​អភិរក្ស​របស់​ក្រសួងបរិស្ថាន មាន​ផ្ទៃដី​សរុប​ជាង ៤៣​ម៉ឺន​ហិកតា និង​មាន​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ គឺ​ខេត្តស្ទឹងត្រែង​, ខេត្តព្រះវិហារ​, ខេត្តកំពង់ធំ និង​ខេត្តក្រចេះ​។ កាលពី​ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន បានប្រកាស​ទទួលស្គាល់​តំបន់ការពារធម្មជាតិ ចំនួន​១៩ ដែលមាន​សិទ្ធិ​ស្របច្បាប់​ចូលរួម​សកម្មភាព​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សារៈសំខាន់​។​
«​លទ្ធផល​នេះ​បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​បាន​រួមគ្នា​ចុះ​ល្បាត​ជាប្រចាំ​។ ក្រសួងបរិស្ថាន​សូម​អរគុណ​អ្នក​ទាំងអស់គ្នា​រួមទាំង​ក្រុមគ្រួសារ ស្វាមី ភរិយា​ដែល​បានអនុញ្ញាត​ឱ្យ​សមាជិកគ្រួសារ​របស់ខ្លួន​បំពេញការងារ​ក្នុង​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​នេះ​»​។ នេះ​គឺជា​ការគូសបញ្ជាក់​រប​ស់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ នេត្រ ភក្ត្រា ដោយបាន​បន្ថែមថា​៖«​យើងទាំងអស់គ្នា​ត្រូវ បន្ត​ខិតខំ​ប្រឹងប្រែង​ចុះ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រួម​នឹង​បន្ត​អប់រំ​ផ្សព្វផ្សាយ​បន្ថែមទៀត​ពី​សារៈប្រយោជន៍​នៃ​ការការពារ​ព្រៃឈើ សត្វព្រៃ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​ពលរដ្ឋរ​ស់​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ដើម្បី ឱ្យ​ពួកគាត់​ចូលរួម​ការពារ​ថែរក្សា និង​ទទួលបាន​ផលប្រយោជន៍​ពី​អនុផល​ព្រៃឈើ និង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ផងដែរ​»​។
​ជាមួយគ្នានេះ ឯកឧត្តម ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​សាជាថ្មី​ថា បទល្មើស​ធនធានធម្មជាតិ ខ្នាត​ធំ​នៅក្នុង​តំបន់ការពារធម្មជាតិ​រួមទាំង​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ប៉ុន្តែ​នៅមាន​បទល្មើស​ទ្រង់ទ្រាយ​តូចៗ​ដែល​បាននិងកំពុង​កើតឡើង ដែល​កម្លាំង​សមត្ថកិច្ច​ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​កំពុងតែ​ឈរជើង​ការពារ​តំបន់ការពារធម្មជាតិ​នឹង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍​ដើម្បី​បន្ត ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​។
​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងថា​៖ «​ស្ថានភាព​នៃ​បទល្មើស​ទ្រុងទ្រាយ​តូចៗ​នៅ​បន្ត​កើតមានឡើង ដោយសារតែ​ទី​១)​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធនធានធម្មជាតិ​នៅមានកម្រិត​នៅឡើយ ទី​២៖ គឺ​ឈ្មួញ​មួយចំនួន​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ការ​ធនធានធម្មជាតិ​ចូល​កាប់​ឈើ​លក់​ឱ្យ​ខ្លួន និង​ទី​៣៖ គឺពាក់ព័ន្ធ​នឹង​តម្រូវការ​នៅក្នុង​ស្រុក​មានន័យថា​ប្រជាពលរដ្ឋ​ចង់បាន​គ្រឿង​សង្ហា​រឹម​ដែល​ធ្វើ​ពី​ឈើ​ប្រណីតៗ និង​ជា​ប្រភេទ​ឈើ​ធម្មជាតិ​។ ជាមួយគ្នានេះ ជនល្មើស​បាន​ប្រើប្រាស់​វិធីសាស្ត្រ​និង​មធ្យោបាយ​កាន់តែ​ទំនើប​ជាង​មុន​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​»​។​
​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេះ​ឱ្យបាន​ទាន់ពេលវេលា ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រសួងបរិស្ថាន​និង​ដៃគូ​បាននិងកំពុង​បំពាក់​សម្ភារៈ​ទំនើបៗ ដើម្បី​ចាត់វិធានការ ច្បាប់​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ កាលពី​ចុងខែ​មករា ឆ្នាំ​២០២១ ក្រសួងបរិស្ថាន​និង​គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID បានដាក់​ឱ្យប្រើ​ប្រាស់​ទីចាត់ការ​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់ការពារធម្មជាតិ (PAMP) សម្រាប់​ខេត្តព្រះវិហារ​។ នេះ​ជា​លើកដំបូង​ដែល​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​សំដៅ​គ្រប់គ្រង​ទិន្នន័យ​ល្បាត​ឱ្យបាន​ហ្មត់ចត់ ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ខុសច្បាប់​ឱ្យបាន​ទាន់ពេលវេលា​។ បើតាម​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន ទីចាត់ការ​នេះ​ត្រូវបាន​បង្កើតជា​លើក​ទី​១ ដោយ​ចាប់ផ្តើម​ពី​ខេត្តព្រះវិហារ និង​បន្ត​ទៅកាន់​តំបន់​ផ្សេងទៀត​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ និង​តំបន់ការពារធម្មជាតិ​ដទៃទៀត​សំដៅ​គ្រប់គ្រង​ទិន្នន័យ​ល្បាត​ឱ្យបាន​ហ្មត់ចត់ ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឱ្យទាន់​ពេលវេលា​តាម​ប្រព័ន្ធ​ទំនាក់ទំនង​ទំនើប ហើយ​នេះ​គឺជា​ការបោះ​ជំហាន​ថ្មី​មួយទៀត របស់​ក្រសួងបរិស្ថាន និង​អង្គការ​ជា​ដៃគូ ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​ធម្មជាតិ​តាម​បច្ចេកវិទ្យា​ទំនើប​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×