ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់សាឡាងឆ្លងយានយន្តនានា ចេញពីកោះនរា ទៅកាន់កោះពេជ្រ ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរា បាននិងកំពុងសាងសង់យ៉ាងមមាញឹក ហើយរដ្ឋបាលរាជធានី ក៏គ្រោងនឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រា មកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ២ ។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានី ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅលើកោះនរានាថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០២១នេះ។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈដែលកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងខ្ចីដីកោះនរា ដាក់សាឡាង ដើម្បីឆ្លងយានយន្តនានាចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង មិនបានកំណត់ថានឹងចាប់ផ្ដើមដំណើរការ នៃការដាក់សាឡាងឆ្លងយានយន្តនេះ នៅពេលណានោះទេ ។
បន្ថែមពីលើនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រា មកផ្លូវជាតិលេខ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះដែរ។
ប៉ុន្តែគេជឿថា គម្រោងដាក់សាឡងឆ្លងយានយន្តខាងលើនេះមិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថា ការរៀបចំកំពង់ដទាំងសងខាងស្ថាបនាស្ទើរតែរួចរាល់ ១០០% ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ