ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោកឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងវឌ្ឍនភាពនៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ។
មានប្រសាន៍ទៅកាន់ ឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលី នាឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណជាង ៨ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ សេវាកម្មកាស៊ីណូជាដើម។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។
លោក ម៉ែន វិបុល អភិបាលខេត្តក៏បានថ្លែងនូវការអរគុណចំពោះ លោកអគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលី ដែលបានឆ្លៀតពេលពេលវេលា អញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាព ភូមិសាស្ត្ររបស់ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលីកន្លងមកក្នុងជួយដល់កម្ពុជាតាមរយៈគម្រោងកម្មវិធីរបស់អង្គការមូលនិធិកុមារ អូស្ត្រាលី Child Fund Australia និងគម្រោងកម្មវិធីResilince Fund របស់អង្គការ UNDP នៅបាវិតជាដើម ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ