ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងសារអំពាវនាវដល់សាខាអនុសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមតាមសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ស្ត្រីគ្រប់រូបឱ្យមានការយល់ដឹងខ្ពស់ពីសារៈប្រយោជន៍នៃការពិនិត្យផ្ទៃពោះ និង ការពិនិត្យសុខភាពក្រោយសម្រាលក្នុងអំឡុងពេលនៃការរាតត្បាត ជាពិសេសជំងឺកូវីដ-១៩។
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមជាមួយបង-ប្អូនជនរួមជាតិ និងក្មួយៗយុវជនទាំងអស់ អបអរសាទរទិវាជាតិសុខ ភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នាពេលនេះ។
ថ្វីត្បិតតែឆ្នាំ២០២០កន្លងទៅ និងរហូតមកទល់ពេលនេះ ប្រទេសយើងមានការរំខានញាំញីពីមេរោគកូវីដ-១៩ មែនពិត ក៏ប្រជាជនទាំងអស់ រស់នៅជាធម្មតា តាមបែបគន្លងថ្មី ដោយសារ តែប្រទេសជាតិមានសន្តិភាព និងស្ថិរភាពនយោបាយ។ សន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាទទួល បានភាពសុខដុម វឌ្ឍនភាព និងសុវត្ថិភាពសង្គម។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសំដែងនូវការដឹងគុណជាអនេកចំពោះការ នាំមកនូវសន្តិភាពជូនមាតុភូមិ និងសូមសំដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវសមិទ្ធផលធំធេងក្នុងពេលនេះ។ ជាមួយគ្នានេះ គោលនយោបាយគាំពារ សង្គមរបស់រាជរដ្ឋាភិបាលបានជួយដល់ប្រជាជនដែលងាយរងគ្រោះឱ្យទទួលបាននូវការឧបត្ថម្ភ ជីវភាពរស់នៅ ក្នុងកាលៈទេសៈដែលមានការយាយីរាតត្បាតដោយកូវីដ -១៩ ហើយគោលនយោបាយ គាំពារសង្គមក៏បានពង្រឹង និងបន្តជួយដល់ក្មួយៗនារីទាំងអស់ដែលមានប័ណ្ណសមធម៌ កម្មការិនី ឱ្យទទួលបាននូវអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ទទួលបាននូវការពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ទទួលរបបឧបត្ថម្ភមាតុភាព រួមចំណែកជួយឱ្យគ្រួសារនីមួយៗអាចរស់នៅជាប្រក្រតី។ ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំនៃគ្រួសារដែលមានប័ណ្ណសមធម៌ប័ណ្ណអាទិភាព ជាយុទ្ធសាស្ត្រសំខាន់មួយរបស់កម្ពុជាក្នុងការលើកកម្ពស់សុខភាពមាតា ទារក និង កុមារ ដើម្បីឈានទៅសម្រេច បាននូវការគ្របដណ្តប់សេវាសុខភាពជាសកលនៅកម្ពុជា។
ដូចនេះ យើងទាំងអស់គ្នាត្រូវតែរួមចំណែកជួយរាជរដ្ឋាភិបាលបន្ថែមទៀត ឆ្ពោះទៅអនាគត ដ៏រុងរឿងនាពេលខាងមុខ។ ការងារចាំបាច់ដែលយើងត្រូវរួមគ្នាធ្វើនោះ គឺធ្វើយ៉ាងណាឱ្យគ្រប់ស្ត្រី មានផ្ទៃពោះទាំងអស់ទទួលបានការពិនិត្យថែទាំចាប់ពីពេលពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូនក្នុងអំឡុងពេល១ខែកន្លះ និងបន្តថែទាំសុខភាពទារករហូតដល់កូនមានអាយុពីរឆ្នាំ។ ការតាមដានសុខភាពកូននេះមាន សារៈសំខាន់ណាស់។ គ្រប់ស្ត្រីជាមាតាទាំងអស់ ចាំបាច់ត្រូវដឹងច្បាស់អំពីការចិញ្ចឹមទារក និង កុមារតូច ការតាមដានការលូតលាស់របស់កូន , និងត្រូវធ្វើការពន្យារកំណើត ពីកូនមួយទៅកូនបន្ទាប់ផងដើម្បីឱ្យមាតាមានសុខភាពរឹងមាំឡើងវិញ ហើយកូនអាចទទួលបានការថែទាំពេញលេញពីមាតា និងមានសុខភាពល្អ។ ឆ្លៀតក្នុងឱកាសទិវាជាតិសុខភាពមាតា ទារកនិងកុមារនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមរួមចំណែកជូនអនុសាសន៍ ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ “រស់នៅធម្មតា តាមបែបគន្លងថ្មី” ដូចតទៅ ៖
– សូមឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលានិងការណែនាំ របស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្តធ្វើតេស្ត ឈាម រកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្តាយទៅកូន។
-ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវ។
-ទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំ បង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់ របស់កូនរហូតដល់កូនមានអាយុពីរឆ្នាំ។
-បំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។
-ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយ ស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
– សូមឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ដែលបានណែនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដោយត្រូវ ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង។ កុំទៅកន្លែងមនុស្សច្រើនកុះករច្រើន និងកុំប៉ះពាល់គ្នានៅពេលជួបគ្នា កុំចាប់ដៃ កុំនៅកន្លែងបិទជិត គ្មានខ្យល់ចេញចូលប្រើម៉ាស៊ីនត្រជាក់ គ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
– សូមសាខាអនុសាខាកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមតាមសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ស្ត្រីគ្រប់រូបឱ្យមានការយល់ដឹងខ្ពស់ពីសារៈប្រយោជន៍នៃការពិនិត្យផ្ទៃពោះ និង ការពិនិត្យសុខភាពក្រោយសម្រាលក្នុងអំឡុងពេលនៃការរាតត្បាត ជាពិសេសជំងឺកូវីដ-១៩។
ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់ សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឱ្យមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់ និង សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយនិងបន្តជួយវិនិយោគ គាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានក្តីសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀតក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព សុខភាពមាតា ទារក និងកុមារនៅកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ