Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ៖ មានតែ​អង្គ​ព្រះមហាក្សត្រ ដែល​អាច​ប្រទាន​លើកលែងទោស​ដល់​ទណ្ឌិត បន្ទាប់ពី​មានការ​ថ្វាយ​លិខិត​សំណើ ពី​នាយករដ្ឋមន្ត្រី តាម​ការស្នើសុំ​ពី​ទណ្ឌិត​ទាំងនោះ​

​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នា​ទីស្តីការ​ក្រ​សួ​យុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ធ្វើ​សន្ន​សីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ស្តីពី ការផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ បន្ធូរ​បន្ថយទោស លើកលែងទោស និង​ការពង្រឹង​ការងារ​ស្នើសុំ​អនុគ្រោះ​ទោស បានធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណជន​ទូទៅ ឲ្យ​បាន​ជ្រាប​អំពី​ខ្លឹមសារ​នៃ​ព្រះរាជក្រឹត្យ បន្ធូរ​បន្ថយទោស និង​លើកលែងទោស គោលបំណង​នៃ​កិច្ចប្រជុំ និង​លទ្ធផល​នៃ​កិច្ចប្រជុំ ។​

​លោក គឹម សន្តិភាព បាន​ថ្លែងថា ព្រះរាជក្រឹត្យ​ថ្មី ស្តីពី​ការលើកលែងទោស និង​បន្ធូរ​បន្ថយទោស គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ សម្រាប់​ជួយ​ជំរុញ​ឲ្យ​ទណ្ឌិត​គ្រប់ៗ​រូប ឆាប់​កែប្រែ​ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ល្អ គឺ​ដើម្បី​ឆាប់​ទទួលបាន​ការអនុគ្រោះ​ទោស​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា​៖ ព្រះរាជក្រឹត្យ​ថ្មី​នេះ គឺជា​ព្រះរាជក្រឹត្យ​ដែល​បើកឱកាស​ឲ្យ​ទណ្ឌិត និង​លើកទឹកចិត្ត​ឲ្យ​ទណ្ឌិត ក្នុងការ​អប់រំ​កែប្រែ​ខ្លួន ដើម្បី​ទទួលបាន​ការអនុគ្រោះ​ទោស ពី​ព្រះមហាក្សត្រ​។ ពីមុន​មាន ៣​ឱកាស ឥឡូវ​មាន ៥​ឱកាស អញ្ចឹង​នេះ​ជា​ឧបករណ៍​ដើម្បី​លើកទឹកចិត្ត ដើម្បី​ជំរុញ​ឲ្យ​គាត់​មានការ​កែប្រែ​ខ្លួន នៅក្នុង​ពន្ធនាគារ ដែលជា​លក្ខខណ្ឌ​ចាំបាច់​មួយ ដែល​អាច​ទទួល​បានកា​រ​អនុគ្រោះ​ទោស​។​
​លោក គឹម សន្តិភាព បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២០ ទណ្ឌិត​ដែល​បានធ្វើ​សំណើសុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស មាន​ចំនួន​សរុប ១៧៥៣​នាក់ ស្រី​មាន​ចំនួន ១១៣​នាក់​។ ក្នុងនោះ ទណ្ឌិត​ដែល​ធ្វើ​សំណើសុំ​លើកលែងទោស​មាន​ចំនួន ៥១៦​នាក់ និង​ទណ្ឌិត​ធ្វើ​សំណើសុំ​បន្ធូរ​បន្ថយទោស​មាន​ចំនួន ១២៣៧​នាក់​។​

​លោក​បន្តថា នៅ​ឆ្នាំ​២០២០​នេះដែរ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ សម្រេច​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​សរុប​មាន​ចំនួន ៩៣១​នាក់ ស្រី​មាន​ចំនួន ៩០​នាក់​។ ក្នុងនោះ ទណ្ឌិត​ដែល​ទទួលបាន​ការលើក​លែង​ទោស​មាន​ចំនួន ៥៥​នាក់ និង​ទណ្ឌិត​ដែល​ទទួលបាន​ការបន្ធូរបន្ថយ​ទោស​មាន​ចំនួន ៨៧៦​នាក់​។​

​លោក គឹម សន្តិភាព បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុង​ពិធីបុណ្យ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ទណ្ឌិត ទាំង​៥​ដង​ក្នុង​មួយឆ្នាំ មិនមាន​ការកំណត់​ចំនួន​ទណ្ឌិត​ទេ ពោល​ឲ្យ​តែ​ទណ្ឌិត​បំពេញ​គ្រប់​លក្ខខណ្ឌ និង​កែប្រែ​ខ្លួន​ជា​មនុស្ស​ល្អ​វិញ សុទ្ធតែ​អាចដាក់​ពាក្យស្នើសុំ​ការលើកលែងទោស និង​បន្ធូរ​បន្ថយទោស​បាន​ទាំងអស់​។ លោក​បន្តថា មានតែ​អង្គ​ព្រះមហាក្សត្រ​ទេ ដែល​អាច​ប្រទាន​ទោស​ដល់​ទណ្ឌិត​បាន បន្ទាប់ពី​មានការ​ថ្វាយ​លិខិត​សំណើ​ពី​នាយករដ្ឋមន្ត្រី តាម​ការស្នើសុំ​ពី​ទណ្ឌិត​ទាំងនោះ​។ លោក​ថ្លែង​ទៀតថា គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​បន្ធូរ​បន្ថយទោស និង​ការលើកលែងទោស គឺជា​ក្រុមបច្ចេកទេស ក្នុង​ការត្រួត​ពិនិត្យថា តើ​ទណ្ឌិត​រូប​ណាខ្លះ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​ការអនុគ្រោះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ថ្មី ស្តីពី​កា​រប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​។​

​ជំពូក​២ មាត្រា​៣ នៃ​ព្រះរាជក្រឹត្យ​នេះ បាន​បញ្ជាក់ថា ពិធីបុណ្យ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ទណ្ឌិត មាន​ចំនួន ៥​ដង ក្នុង​១​ឆ្នាំៗ រួមមាន​៖

១៖ ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​
២៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​
៣៖ ពិធីបុណ្យ​វិសាខបូជា​
៤៖ ពិធីបុណ្យ​ឯករាជ្យ​ជាតិ​
៥៖ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។​

​មាត្រា​ដដែល​នេះ បានកំណត់​បន្ថែមថា ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ក៏​អាចធ្វើ​ផងដែរ​ក្នុង​ពិធីបុណ្យ ឬ​ព្រឹត្តិការណ៍​ធំៗ​របស់​ជាតិ​។ លើសពីនេះ​ទៀត ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស ក៏​អាចធ្វើ​សម្រាប់​ពិធីបុណ្យ​នីមួយៗ​ខាងលើ ឬ​ដាច់ដោយឡែក​ពីគ្នា ឬ​រួមគ្នា​។​

​យោងតាម​មាត្រា​៥ នៃ​ព្រះរាជក្រឹត្យ​ខាងលើ បាន​កំណត់ថា ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស អាចអនុវត្ត​ចំពោះ​ទណ្ឌិត​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម​៖

* ភ្ញាក់រលឹក​ខិតខំ​កែប្រែ​គំនិត​មាយា​ទ ឲ្យ​ក្លាយជា​ពលរដ្ឋ​សុច្ចរិត ដើម្បី​ធ្វើ​សមាហរណកម្ម​ចូលរួម​រស់ក្នុង​សង្គម​វិញ​
* គោរព​ប្រតិបត្តិ​បាន​យ៉ាង​ហ្មត់ចត់ និង​ត្រឹមត្រូវ​តាម​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ និង​ជា​គំរូ​ល្អ​ដល់​ទណ្ឌិត និង​ជន​ជាប់ឃុំ​ដទៃទៀត​
* ចូលរួម​អនុវត្ត​យ៉ាងសកម្ម និង​ទៀងទាត់​នូវ​កម្មវិធី​អប់រំ​កែប្រែ​កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កម្មវិធី​សមាហរណកម្ម​
* គោរព​ប្រតិបត្តិ​បាន​យ៉ាង​ហ្មត់ចត់ និង​ត្រឹមត្រូវ​តាម​សេចក្តីណែនាំ​ផ្សេងទៀត​របស់​ពន្ធនាគារ​។​

​មាត្រា​៧ នៃ​ព្រះរាជក្រឹត្យ​ថ្មី​នេះដែរ បាន​កំណត់ថា ទណ្ឌិត​ដែល​អាច​ទទួល​បានការ​បន្ធូរ​បន្ថយទោស លុះត្រាតែ​ទណ្ឌិត​នោះ បាន​បំពេញ​លក្ខខណ្ឌ​តាម​មាត្រា​៥ និង​បាន​ទទួលរង​ទោស ១/៣ នៃ​ទោស​ដាក់ពន្ធនាគារ​ដែល​តុលាការ​បានកំណត់​។ ចំពោះ​ទោស​ដាក់ពន្ធនាគារ​មួយជីវិត ទណ្ឌិត​ត្រូវ​ទទួលរង​ទោស ១០​ឆ្នាំ​ជាមុនសិន​។​

​ក្នុង​មាត្រា​ដដែល​បានបញ្ជាក់​ទៀតថា រយៈពេល​នៃ​ការបន្ធូរបន្ថយ​ទោស​ត្រូវ​កំណត់​ដូចតទៅ​នេះ​៖

* ១៖ ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី​១​ឆ្នាំ ដល់​ក្រោម ៥​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៣​ខែ​។​
* ២៖ ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់ ៥​ឆ្នាំ ដល់​ក្រោម ១០​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៦​ខែ ឬ​៣​ខែ​។​
* ៣៖ ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី ១០​ឆ្នាំ ដល់​ក្រោម ២០​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ៩​ខែ ឬ ៦​ខែ ឬ ៣​ខែ​។​
* ៤៖ ទោស​ដាក់ពន្ធនាគារ​កំ​ណ​ត់​ពី​២០​ឆ្នាំ ដល់ ៣០​ឆ្នាំ អាច​នឹង​បន្ថយ​រយៈពេល​ជាប់ពន្ធនាគារ​ចំនួន ១២​ខែ ឬ ៩​ខែ ឬ ៦​ខែ ឬ ៣​ខែ​។​
* ៥៖ ទោស​ដាក់ពន្ធនាគារ​មួយជីវិត អាច​នឹង​បន្ថយទោស​លើក​ទី​១ មក​នៅត្រឹម ៣០​ឆ្នាំ​។​

​មាត្រា​៩ នៃ​ព្រះរាជក្រឹត្យ​ដដែល បានចែង​ដែរ​ថា ទណ្ឌិត​អាច​ទទួល​ការបន្ធូរបន្ថយ​ទោស​បាន​តែ​ម្តងគត់ ក្នុង​រយៈពេល ១២​ខែ​។ ជាមួយគ្នានេះ ទណ្ឌិត​អាច​ទទួល​ការបន្ធូរបន្ថយ​ទោស​ច្រើនដង​បាន លុះត្រាតែ​ទណ្ឌិត​នោះ បានទទួល​រង​ទោស​ពាក់កណ្តាល​នៃ​ទោស​ដាក់ពន្ធនាគារ​ដែល​តុលាការ​បានកំណត់ ប៉ុន្តែ​ត្រូវគោរព​តាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​កថា ខណ្ឌ​ទី​១​ខាងលើ​។​

​បន្ថែម​លើ​នេះ ចំពោះ​ទណ្ឌិត​ដែល​ត្រូវ​បានកំណត់​ទោស​ដាក់ពន្ធនាគារ​មួយជីវិត ក្រោយពី​បាន​បន្ថយ​មក​នៅត្រឹម ៣០​ឆ្នាំ អាច​នឹង​បានទទួល​ការបន្ធូរបន្ថយ​ទោស​ច្រើនដង​ទៀត​បាន​។ ប៉ុន្តែ​ទោះជា​ទណ្ឌិត​នោះ បានទទួល​ការបន្ធូរបន្ថយ ទោស​ច្រើនដង​ក៏ដោយ ក៏​រយៈពេល​នៃ​ការ​ទទួលរង​ទោស​ទាំងអស់​ត្រូវ​ឲ្យ​បាន​យ៉ាងតិច ២០​ឆ្នាំ​។​

​បើតាម​មាត្រា​១០ នៃ​ព្រះរាជក្រឹត្យ​នេះ​, ទណ្ឌិត​ដែល​បំពេញ​លក្ខខណ្ឌ​តាម​មាត្រា​៥ អាច​ទទួលបាន​ការលើក​លែង​ទោស ក្នុងករណី​ទណ្ឌិត​បានទទួល​បានរ​ង​ទោស​ដាក់ពន្ធនាគារ​៖

* ចំនួន ២/៣
* ទណ្ឌិត​ដែល​ទទួលទោស​ដាក់ពន្ធនាគា​រ​មួយជីវិត អាច​ទទួល​ការលើកលែងទោស ប្រសិនបើ​ទណ្ឌិត​នោះបាន​អនុវត្ត​ទោស​យ៉ាងតិច ៣០​ឆ្នាំ ឬ​២០​ឆ្នាំ ក្នុងករណី ដែលមាន​ការបន្ធូរបន្ថយ​ទោស​។​

​សូមជម្រាបថា មុន​ចេញ​ព្រះរាជក្រឹត្យ​ថ្មី​នេះ ការស្នើសុំ​កា​រប​ន្ថួ​រ​បន្ថយទោស និង​លើកលែងទោស​ចំពោះ​ទណ្ឌិត ធ្វើឡើង​ក្នុង​ពិធីបុណ្យ​ធំៗ​របស់​ជាតិ​ចំនួន ៣​តែប៉ុណ្ណោះ រួមមាន​៖

* ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​
* ពិធីបុណ្យ​វិសាខបូជា​
* និង​ពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×