តាកែវ ៖ អ្នកចែកចាយគ្រឿងញៀនប្រុសស្រីចំនួន ២នាក់ ត្រូវអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួនបាននៅលើទីតាំង២ផ្សេងគ្នា កាលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដកហូតវត្ថុតាងជាសាធាតុញៀនជាង ១គីឡូក្រាម កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងដើម្បីចាត់ការតាមនីតិវិធី ។
បើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ រូបលោករួមជាមួយកងកម្លាំងបានទទួលព័ត៌មានថា មានសកម្មភាពចែកចាយគ្រឿងញៀន នៅចំនុចភូមិគ្រួស ឃុំពារាម៏ ស្រុកបាទី ខេត្តតាកែវ រូបលោកនិងកងកម្លាំងបានចុះទៅភ្លាម ដោយឃើញមានសកម្មភាពចែកចាយគ្រឿងញៀន ដែលជាបទល្មើសជាក់ស្តែងកំពុងចែកចាយនៅខាងក្រោយផ្ទះសំបុកត្រចៀកកម្មដែលគេទុកចោល នៅភូមិឃុំខាងលើនាវេលាម៉ោង ១១និង៣០នាទី នៅភូមិឃុំខាងលើ ស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ហេង លឹមគន់ ភេទប្រុសអាយុ ២៣ឆ្នាំ រួមជាមួយនិងសាធាតុញៀនចំនួន ១១៣,៥៦ក្រាម និងជញ្ជីង ០១ ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានបន្តថា ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញយើងបានធ្វើការសួរនាំរកមេខ្លោង កងរាជអាវុធហត្ថខេត្តតាកែវ ក៏បន្តយន្តការពន្លៀតលើការបង្ក្រាបមុខសញ្ញាជាមេខ្លោងចែកចាយគ្រឿងញៀនក្នុងថ្ងៃដដែលបន្តទៀត ដោយសុំសហការជាមួយនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈានទៅដល់ការចាប់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនបានម្នាក់ មានឈ្មោះ ស្រ៊ុន ស្រីមុំ ភេទស្រី អាយុ ២៧ឆ្នាំ នៅចំនុចខាងមុខសាលាបឋមពងទឹក សង្កាត់ពងទឹក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដោយដកហូតបានម្ស៉ៅក្រាមសរថ្លាមានទម្ងន់ ១៣៩៧,៩២ក្រាម ជញ្ជីងមួយ និងទូរស័ព្ទដៃមួយគ្រឿង ។
បច្ចុប្បន្ននៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជនសង្ស័យទាំង២នាក់ខាងលើកំពុងត្រូវបានសួរនាំបន្ថែមពីកងកំលាំងរាជអាវុធហត្ថខេត្តតាកែវ និងកសាងសំណុំរឿងបន្តដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖តាកែវ