ស្ទឹងត្រែង ៖ ជនជាតិភាគតិចទំពួនម្នាក់ ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន នៅខេត្តរតនគិរី បានរត់គេចខ្លួនមកធ្វើអត្តឃាតខ្លួនឯង ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង នៅចំកណ្តាលក្រុងស្ទឹងត្រែង កាលពីវេលាល្ងាចថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១។
សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ មៀង សឹម អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ ជននេះមានជាប់ពាក់ព័ន្ធករណីឃាតកម្ម នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវខេត្តរតនគិរី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៤។ បទល្មើសដែលត្រូវចោទប្រកាន់ ទៅលើជនជាប់ចោទខាងលើ គឺជាបទល្មើសឧក្រិដ្ឋ ដែលត្រូវជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំទៅ ១៥ឆ្នាំ។
គួរបញ្ជាក់ថា សមត្ថកិច្ចតាមចាប់ខ្លួនជនខាងលើនេះ តាំងពីឆ្នាំ ២០១៤ តែមិនទាន់ចាប់ខ្លួនបាន ទើបតែមានរឿងនៅខេត្តស្ទឹងត្រែង បានដឹងថាករណីធ្វើអត្តឃាត ដោយយកខ្សែចងកនៅលើចំរឹងបង្អួចក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងស្ទឹងត្រែង។ បុរសដែលធ្វើអត្តឃាតនោះ គឺជាជនជាប់ពាក់ព័ន្ធករណីឃាតកម្មដែលសមត្ថកិច្ចតាមចាប់ខ្លួននៅខេត្តរតនគិរីកាលពី ៧ ឆ្នាំមុន៕ រក្សាសិទ្ធិដោយ៖សំំណាង