Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ការពារ​នេសាទ ប្រតិកម្ម​ទៅនឹង​ការដោះលែង​ជនសង្ស័យ បទល្មើស​ឆក់​ត្រី​ពីរ​នាក់ ឲ្យ​នៅក្រៅ​ឃុំ​ក្រោយ​បង្ក្រាប​បានត្រឹមតែ ២ ថ្ងៃ​

ស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ សហគមន៍​បាន​ប្រមូលផ្ដុំ​គ្នា​នៅលើ​វាល​ខ្សាច់​ក្បាលកោះ​សំពាយ ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដោយ​លើកឡើងថា ក្រោយពី​ចាប់​ជនសង្ស័យ​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​តុលាការ បាន​ត្រឹម ២ ថ្ងៃ​ប៉ុណ្ណោះ បែរជា​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​

​ក្រោយពី​មានការ​ដោះលែង ជន​ប្រព្រឹត្ត​បទល្មើស​នេះ ធ្វើ​ឲ្យ​សហគមន៍​ការពារ​នេសាទ​អស់ជំនឿ​ទៅលើ​សមត្ថកិច្ច​និង​តុលាការ​។​
លោ​កវែន ចាន់​រស្មី ជា​លេខា​សហគមន៍​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក បាន​លើកឡើងថា បទល្មើស​ឆក់​ត្រី​នៅតាម​ដង​ទន្លេ ក្នុងភូមិ​សាស្ត្រ​ដែល​លោក​គ្រប់គ្រង​មិនមាន​ការថយចុះ​ទេ​។ ផ្ទុយទៅវិញ​កាន់តែ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​ណាស់​។ បណ្ដាញ​សហគមន៍​របស់​លោកមា​ន​តែ​សិទ្ធិ​គ្រប់គ្រង មិនមាន​សិទ្ធិ​ពេញលេញ​ដូច​កងកម្លាំង​សមត្ថកិច្ច​ឡើយ​។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកប្រព្រឹត្ត​បទល្មើស មិន​ខ្លាចរអា​ជាមួយនឹង​សហគមន៍​ទេ​។​
លោ​កវែន ចាន់​រស្មី បានលើកឡើង​ទៀតថា ក្រោយពី​សហគមន៍​បង្ក្រាប​បាន គឺ​ប្រគល់​ជន​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ជូនទៅ​ឲ្យ​ជំនាញ​ជលផល​ស្ទឹងត្រែង​។ ការងារ​របស់​សហគម​ន៍​នេសាទ​រាល់ថ្ងៃនេះ ប្រឈមមុខ​ជាច្រើន​ជាមួយនឹង​អ្នករស់នៅ​មូលដ្ឋាន ដែល​ជន​ប្រព្រឹត្ត​បទល្មើស​រស់នៅ​។ សហគមន៍​ធ្វើ​ការងារ​មិនមាន​សិទ្ធិ​ពេញលេញ​មានតែ​ទឹកចិត្ត​ប្រឈមមុខ​ឧបសគ្គ​គ្រប់បែបយ៉ាង ទោះបី​ហាលភ្លៀង​ខ្យល់​ក៏​នៅតែ​បំពេញការងារ​ទាំងយប់​ទាំង​ថ្ងៃ ឃ្លាំមើល​និង​បង្ក្រាប​ជនល្មើស​ទាំងនោះ​។​
ពេលខ្លះ​បំពេញការងារ​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ពេលទៅដល់​ផ្ទះ​វិញ ប៉ះពាល់​ដល់​សង្គម​គ្រួសារ​បង្ក​ជា​ជម្លោះ​ក៏មានដែរ ដោយសារតែ​រវល់​ការងារ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ហើយ​មិនមាន​ប្រាក់ចំណូល​ខ្ពស់​ដល់​អ្នកផ្ទះ​។ ពួកគាត់​បាន​បំពេញការងារ​ជួយ​ជាតិ ដូច្នេះហើយ​ស្នើសុំ​ឲ្យ​ជាតិ​ជួយ​ដល់​ពួកគាត់​ផង​។​
មានការ​លើកឡើងថា មន្ត្រីរាជការ​ខ្លះ​មានមុខ​តំណែង​ច្រើន​កន្លែង ប៉ុន្តែ​ធ្វើការ​ងារ​មិន​សកម្ម​ដូច​សហគមន៍​នេសាទ​ទេ​។ សូម​អំពាវនាវ​ដល់​អ​ង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ថវិកា និង​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​សហគមន៍​នេសាទ​ដែល​សកម្ម​ផង​។​

​ជាក់ស្ដែង​កាលពី​កន្លងទៅ​ថ្មីៗ​នេះ សហគមន៍​បាន​បង្ក្រាប​បទល្មើស​ឆក់​ត្រី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ដកហូត​បាន​ភស្តុតាង​គ្រប់គ្រាន់ រួមទាំង​ពាក់ព័ន្ធ​គ្រឿងញៀន​អាវុធ​កែច្នៃ ដាវ​សា​ម៉ូ​រ៉ៃ ជាដើម កសាង​សំណុំរឿង​បញ្ជូនទៅ​ជលផល​ខេត្ត​។ ជលផល​ក៏បាន​បញ្ជូន​សំណុំរឿង ទៅ​ឲ្យ​នគរបាល​ប្រឆាំង​គ្រឿងញៀន និង​បន្តទៅ​តុលាការ​។ តែ​ចុងក្រោយ បន្ទាប់ពី​បង្ក្រាបបាន​ពីរ​ថ្ងៃ បែរជា​តុលាការ​ដោះលែង​ជនសង្ស័យ​ទាំង ២ នាក់​នោះ​ទៅវិញ ធ្វើ​ឲ្យ​សហគមន៍​ដែល​ខិតខំ​បង្ក្រាប​អស់ជំនឿ មិន​ចង់​បំពេញការងារ​តទៅទៀត​។​
សហគមន៍​បាន​លើកឡើងថា ពួកគាត់​ចង់​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ទៅលើ​ជនល្មើស ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​ទទួលទោស មិនត្រូវ​ឲ្យ​មានការ​ដោះលែង​ភ្លាមៗ តាម​ហេតុផល​ណាមួយ​ឡើយ​។ ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ក្រោយពី​ចាប់​ហើយ បែរជា​ធ្វើ​សកម្មភាព​បន្តទៀត ឃើញតែ​មុខ​ដដែលៗ មិនតែប៉ុណ្ណោះ​ថែមទាំង​ឌឺដង​ដាក់​សហគមន៍​ទៀតផង​។​
អ្នកស្រី​ឡា​ម សុភាព បណ្ដាញ​សហគមន៍​ភូមិ​កាំ​ង​ដីស ដែលជា​ស្ត្រី​ម្នាក់​បាន​ចូលរួម​នៅក្នុង​សហគមន៍​នេសាទ​ផង​នោះ បាន​និយាយថា អ្នកស្រី​មើលឃើញ​ពី​សកម្មភាព​បទល្មើស នៅក្នុង​ទឹកដី​របស់ខ្លួន​កាន់តែ​កើនឡើង ធ្វើ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​។ ក្នុងនាម​គាត់​ជា​ស្ត្រី​ម្នាក់​គាត់​សុខចិត្ត​លះបង់​ការងារ​មួយចំនួន នៅក្នុង​គ្រួសារ​មក​ចូលរួម​ការពារ​មច្ឆា​ជាតិ ដើម្បី​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

×