ភ្នំពេញ ៖ ការចេញផ្សាយរបាយការណ៍របស់កំពង់ផែស្វ័យតភ្នំពេញ កាលពេលថ្មីនេះ បានបង្ហាញ ថា សកម្ម ភាពនៃការផ្ទុក និងការដឹកទំនិញចេញពីកប៉ាល់នៅកំពង់ផែ មានចំនួនជាង ៤៤ ភាគរយនៃប្រាក់ចំណូល ក្នុងប្រតិបត្តិការ កំពង់ផែ។ ការប្រើប្រាស់រថយន្តស្ទូច ដើម្បីដឹកទំនិញបានកើនឡើងជាង ៣៧ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន។
របាយការណ៍ត្រីមាសទី ៤ ឆ្នាំ ២០២០នៃកំពង់ផែស្វ័យតភ្នំពេញ បានបង្ហាញថា ចំនួនកុងតឺន័រធ្លាក់មកនៅត្រឹម ៣ ៧៨០ ៥២១ កុងតឺន័រ ដែលថយចុះបន្តិចនៅឆ្នាំ ២០២០ ខណៈដែលការព្យាករណ៍របស់ខ្លួនមានជាង ៤ លានកុងតឺន័រ។ ហើយក្នុងអំឡុងត្រីមាសទី ៤នេះ មិនមានវត្តមានអ្នកដំណើរណាម្នាក់ឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញនេះទេ។ របាយការណ៍ក៏បានឲ្យដឹងទៀតថា កំពង់ផែស្វយ័តភ្នំពេញ បានវិនិយោគជាង ១៤ លានដុល្លារក្នុងការទិញអចលនទ្រព្យ រោងចក្រ និងឧបករណ៍ក្នុងអំឡុងឆ្នាំ ២០២០ ។
អ្នកជំនាញបានអះអាងថា វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពដឹកជញ្ជូនទំនិញ និងអ្នកដំណើរធ្លាក់ចុះ នៅទូទាំងពិភពលោក ដោយកើតឡើងគ្រប់វិស័យទាំងការដឹកជញ្ជូន តាមផ្លូវ ទឹក ផ្លូវគោក និង អាកាសជាដើម ។ អ្នកជំនាញ បន្តថា សម្រាប់ប្រទេសកម្ពុជា សកម្មភាពដឹកជញ្ជូនកាលពី ឆ្នាំ២០២០ កន្លងទៅ បានចាប់ផ្តើមធ្លាក់ចុះខ្លាំង ចាប់ពីអំឡុង ខែមីនា រហូត ដល់ ខែកក្កដា ដោយសារ តែ រោងចក្រ មួយចំនួន បាន ផ្អាក សកម្មភាព ក៏ បិទ ដំណើរការ ប៉ុន្តែការដឹកជញ្ជូនទំនិញនៅកម្ពុជា បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរ ចាប់តាំងពី ខែសីហា ឆ្នាំ ២០២០ មកពិសេសជាមួយប្រទេសចិន ដោយសារតែកម្ពុជា មានទំនាក់ទំនងល្អ ផ្នែក ពាណិជ្ជកម្ម ជាមួយប្រទេសចិនច្រើនទាំងការផ្គត់ផ្គង់ វត្ថុធាតុដើម ផលិត ពីប្រទេសចិន។
ក្នុងអំឡុងត្រីមាសទី ៤ នេះ ប្រាក់ចំណូលរបស់កំពង់ផែស្វ័យតភ្នំពេញបានថយចុះ ២ ភាគរយនៅក្នុងខែធ្នូ ដែលជានិន្នាការកើនឡើងពីការធ្លាក់ចុះ នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនចំនួន ១១ ភាគរយក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំ ២០២០ កន្លងទៅនេះ ។ ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនមានចំនួនជាង ១២,៥ លានដុល្លារ ខណៈដែលក្រុមហ៊ុនមានប្រាក់បម្រុងជាង ២៦,៦៥ លានដុល្លារ គិតត្រឹមថ្ងៃទី ១ ខែមករា។
គួរបញ្ជាក់ថា ប្រាក់ចំណូលភាគច្រើននៃកំពង់ផែស្វ័យតភ្នំពេញប្រមាណជិត ៨៧ភាគរយ គឺបានមកពីប្រតិបត្តិការកំពង់ផែ ហើយប្រមាណជាជតិ ១៣ ភាគរយនៃប្រាក់ចំណូល បានមកពីតួនាទីជាអាជ្ញាធរ កំពង់ផែស្វ័យត ភ្នំពេញ៕ រក្សាសិទ្ធិដោយ៖CEN