Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន មានជំនឿថា នៅពេល​ខាងមុខ សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា នឹង​រក្សាបាន​នូវ​ស្ថេរភាព​ល្អ​ឡើងវិញ

​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូ​រៈ ហ្លា​មីន (THURA HLAMIN) អនុព័ន្ធយោធា​ថ្មី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​។​

ក្នុងជំនួប​នេះ បានធ្វើ​ឡើង​នៅ​អគ្គបញ្ជាការដ្ឋាន នា​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព ឧ​ត្ត​ម​សេនីយ៍​ត្រី​THURA HLA MIN បាន​សម្តែង​នូវ​ក្តី​មោទនៈ ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែង​អំណរ​គុណ​ដល់​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កម្មសិក្សា​មី​យ៉ាន់​ម៉ា កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​ការពារជាតិ​។​

លោក​អនុព័ន្ធយោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ជម្រាបជូន​អគ្គមេបញ្ជាការ ពី​សភាពការណ៍​មួយចំនួន​ដែល​កំពុង​កើត​មាននៅ​សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បញ្ជាក់ថា​៖ ប្រទេស​មី​យ៉ាន់​ម៉ា​នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ឱ្យមាន​សេរីភាព​ត្រឹមត្រូវ និង​ធានា​ដល់​គោលនយោបាយ​បរទេស​។​

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​នូវ​ការស្វាគមន៍​ចំពោះ​អនុព័ន្ធយោធា​ថ្មី​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​នាយ​ឧត្ដមសេនីយ៍ បាន​គូសបញ្ជាក់ថា ប្រទេស​មី​យ៉ាន់ម៉ា និង កម្ពុជា ធ្លាប់មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ឆ្នាំ​១៩៥៥ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ ទាំង​វិស័យ​ន​យោបាយ និងយោធា​។​

នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើង​នូវ​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ តែង​គោរព​លើ​អធិបតេយ្យភាព​ប្រទេស​ជា​មិត្ត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ពិសេស​ការគោរព​ចំពោះ​ធម្មនុញ្ញ​អាស៊ាន​។​

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​មានជំនឿថា នៅពេល​ខាងមុខ សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា នឹង​រក្សាបាន​នូវ​ស្ថេរភាព​ល្អ​ឡើងវិញ ហើយ​អ្វីដែល​កងទ័ព​ប្រទេស​ទាំងពីរ​ត្រូវ​ប្រកាន់​ភ្ជាប់​ទៅ​ថ្ងៃ​ខាងមុខ គឺ​ការទំនាក់ទំនង​ល្អ​ជាមួយគ្នា ទាំង​ការផ្លាស់ប្តូរ​ព័ត៌មាន​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆ្លងដែន ក៏ដូចជា​កិច្ចសហការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​នៅ​គ្រប់​កំរិត​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×