នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍បើកកិច្ចប្រជុំថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមសំណើរបស់វិស័យឯកជន ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដោយបានស្នើសុំដំឡើងទម្ងន់ផ្ទុកអតិបរមាដល់ ៤៥តោន។
ក្នុងន័យនេះ ការធ្វើវិសោធនកម្មច្បាប់នេះ ត្រូវរៀបចំឡើងនៅក្នុងក្របខណ្ឌនៃ
ការសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ខាងលើ ហើយក្នុងស្ថានភាពបច្ចុប្បន្ន គួរជៀសវាងការរៀបចំបន្ថែមនូវបទប្បញ្ញត្តិថ្មី ដែលអាចបង្កើតបញ្ហាថ្មីបន្ថែមនៅក្នុងការអនុវត្ត។ ទន្ទឹមនេះ ក្រៅពីជួយសម្រួលដល់ថ្លៃដឹកជញ្ជូនតាមសំណូមពររបស់វិស័យឯកជន ការធ្វើវិសោធនកម្មច្បាប់នេះក៏ត្រូវធានាឱ្យផ្លូវមានអាយុកាលកាន់តែវែង និងអាចប្រើប្រាស់បានយូរ សម្រាប់បម្រើផលប្រយោជន៍សាធារណៈផង និងអាចដោះស្រាយបញ្ហាដឹកជញ្ជូនលើសទម្ងន់ ប្រកបដោយប្រសិទ្ធភាពផង ព្រមទាំងកុំឱ្យបង្កើនបន្ទុកលើសេដ្ឋកិច្ច ថវិកាជាតិ និងអ្នកប្រើប្រាស់ផ្លូវ ពិសេសអ្នកដឹកជញ្ជូនផងដែរ។
បន្ទាប់ពីបានធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិយ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំសម្អាតសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ស្របតាមស្មារតីនៃការពិភាក្សា និងការសម្រេចរបស់អង្គប្រជុំ ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។រក្សាសិទ្ធដោយ៖សុទ្ធលី













