ខេត្តកែប ៖ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានផ្តល់សម្ភាសដល់អ្នកកាសែត ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ថា នៅម៉ោងប្រហែល ៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានឃាតកម្មមួយកើតឡើង នៅក្នុងបន្ទប់ហាងម៉ាស្សាយីហោ «លីដា ខ្មែរម៉ាស្សា» មានទីតាំងនៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយស្ត្រីម៉ាស្សាម្នាក់ ត្រូវជនល្មើសសម្លាប់ ដេកស្លាប់ក្នុងថ្លុកឈាម។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសារ របស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ ៨ខែប៉ុណ្ណោះ។
លោក អ៊ីង សំអុល បានឲ្យដឹងបន្តទៀតថា ជនរងគ្រោះខាងលើនេះ ត្រូវបានជនសង្ស័យប៉ុនប៉ងរំលោភ តែមិនបានសម្រេចក៏ស្លាប់ចោលតែម្តង។
លោកថា ឃាតកម្មនេះ មន្ត្រីនគរបាលកំពុងស្រាវជ្រាវបន្ត ដោយសហការជាមួយ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ជាមួយស្នងការនគរបាលខេត្តកំពត និងជាមួយនាយកដ្ឋាននគរបាលយុត្តិធម៌ ដើម្បីស្វែងរកចាប់ខ្លួនជនល្មើសនាំយកមកផ្តន្ទាទោសតាមច្បាប់។ ព័ត៌មានចុងក្រោយបានឲ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធ បានសហការចាប់បានជនសង្ស័យ នៃអំពើឃាតកម្មនេះហើយ ដោយជនសង្ស័យក្នុងឃាតកម្មខាងលើនេះ គឺជាជនបរទេស៕ ដោយ៖ ព្រាបស