បាត់ដំបង ៖ កងកម្លាំងនគរបាល មន្ត្រីរាជការនិងបុគ្គលិកពេទ្យនៅក្នុងខេត្តបាត់ដំបង ត្រូវបានក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ចាប់ផ្ដើមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុនស៊ីណូហ្វាមនៃប្រទេសចិន។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងពេលទទួលការចាក់វ៉ាក់សាំង កាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ថា ជំហានដំបូងនេះ ក្រសួងសុខាភិបាល បានផ្ដល់នូវវ៉ាក់សាំងចំនួន ៩៦០០ដូសដល់ខេត្តបាត់ដំបង ដើម្បីចាក់ជូនដល់គណៈអភិបាលខេត្ត ក្រុង ស្រុក កងកម្លាំងនគរបាល មន្ត្រីសុខាភិបាល និស្សិតពេទ្យ។ការចាក់នេះគឺធ្វើឡើង ដោយគោលការស្ម័គ្រចិត្តមិនបង្ខិតបង្ខំ រួមទាំងការពិនិត្យសួរនាំត្រឹមត្រូវ។ចាប់ពីមានការចាក់វ៉ាក់សាំងនេះ ពុំទាន់ឃើញមានអ្នកណាម្នាក់ កើតមានអាការៈអ្វីគួរឲ្យកត់សម្គាល់នោះទេ ព្រោះអ្នកចាក់សុទ្ធសឹងតែមានលក្ខណ៍និងគោរពតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ទើបអនុញ្ញាតឲ្យចាក់។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាកងកម្លាំងនគរបាលខេត្តបាត់ដំបង ដែលមានអាទិភាព គឺបាននាំគ្នាមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងដោយស្ម័គ្រចិត្ត មិនមានការបង្គាប់បញ្ជាអ្វីពីថ្នាក់ដឹកនាំ ខណៈដែលមន្ត្រីនគរបាលខេត្តដែលបានមកចាក់វ៉ាក់សាំងនេះ មានទាំងស្នងការ ស្នងការរងនិងនាយការិយាល័យជាដើម។
គួរបញ្ជាក់ផងដែរថាសកម្មភាពនិងទីតាំងចាក់វ៉ាក់សាំងនៅខេត្តបាត់ដំបង មាននៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ស្រុកបវេល ស្រុកថ្មគោល ស្រុកឯកភ្នំនិងស្រុកសំពៅលូនគឺចាប់ផ្ដើមចាក់វ៉ាក់សាំងពីថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ