ភ្នំពេញ ៖ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យដែលឆាបឆេះមជ្ឈមណ្ឌលកំសាន្តរ៉ុកកន្លងមកនេះកងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញនិងក្រសួងមហាផ្ទៃប្រើរយៈពេលប្រមាណ៧ម៉ោងគឺឆេះចាប់តាំងពីម៉ោងជិត៥ល្ងាច រហូតដល់ម៉ោងជិត១២យប់ និងប្រើប្រាស់ឡានទឹកពន្លត់អគ្គីភ័យចំនួន៣៤គ្រឿងក្នុងនោះឡាន ក្រសួងមហាផ្ទៃ ៤គ្រឿង រថយន្តពន្លត់អគ្គីភ័យ ការិយាល័យពន្លត់អគ្គីភ័យនែស្នងការដ្ឋាននគរបាលរាជធានី ២១គ្រឿង,រថយន្តពន្លត់អគ្គីភ័យ ជ្រោយចង្វា ៥គ្រឿង, រថយន្តពន្លត់អគ្គីភ័យ អាវុធហត្ថ ៣គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រាបៀកម្ពុជា ១គ្រឿង ប្រើប្រាស់ទឹកអស់១៥៩ឡាន។
ចំពោះមូលហេតុនាំឱ្យឆេះសមត្ថកិច្ចឱ្យដឹងថា ៖ មូលហេតុដែលបណ្តាលឲ្យគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះបានកើតឡើងនោះគេសង្ស័យមកពីជាងផ្សារដែកនៅអគារនោះធ្លាក់កម្ទេចភ្លើងបណ្តាលឲ្យឆាបឆេះកើតឡើងតែម្តងតែទោះបីជាយ៉ាងណាសមត្ថកិច្ចនៅកំពុងស្រាវជ្រាវនៅឡើយមិនទាន់ប្រកាសពីមូលហេតុពិតប្រាកដនៅឡើយរហូតដល់ថ្ងៃត្រង់ថ្ងៃទី២៨កុម្ភៈនេះ។
នៅយប់ក្រោយកើតហេតុគ្រោះអគ្គិភ័យខាងលើគេឃើញវត្តមាននិងដឹកនាំបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកមានចាន់យ៉ាដា អភិបាលរងរាជធានី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពី និងលោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអាជ្ញាធរ កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុផងដែរ អមដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងផងដែរ។
រហូតមកដល់ម៉ោងនេះចំពោះទំហំ នៃការខូចខាតវិញនោះអគារដែលរងការឆាបឆេះ បានខូចខាតស្ទើរតែស្រុង ជាពិសេសដំបូលតែម្តង តែចំពោះទ្រព្យសម្បត្តិ និងសម្ភារនោះ គេមិនទាន់ដឹងមានតម្លៃប៉ុន្មាននៅឡើយទេ។នៅក្នុងហេតុការណ៍នេះ ក៏មានមន្ត្រីពន្លត់អគ្គិភ័យម្នាក់ បានសន្លប់ផងដែរ ក្រោយពេលទៅជួយអន្តរាគមន៍៕ ដោយ៖ បញ្ញាស័ក្តិ