Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ និង​ធនាគារពិភពលោក ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការ សម្រាប់​កំណែទម្រង់​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ធនា​គារ​ពិភពលោក ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការ​សម្រាប់​កំណែទម្រង់​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ តាមរយៈ​ប្រព័ន្ធ Video Conference ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​តំណាង​ធនាគារពិភពលោក និង​សហការី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន​ពាក់ព័ន្ធ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ផងដែរ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​នេះ​។

​លោក សូ សុខ​ប៊ុនធឿន តំណាង​ធនាគារពិភពលោក បាន​លើកឡើងថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ស្វែងយល់ ពី​ការត្រួតពិនិត្យ​ទិន្នន័យ​នៃ​ការគ្រប់គ្រង​ចំណូល​ថ្នាក់ក្រោម​ជាតិ និង​បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​ចំណូល ដែលជា​ចំណុច​គួរ​ពិចារណា​ក្នុងការ​ដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​។

​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល បាន​លើកឡើងថា ដោយ​ស្របតាម​ច្បាប់ និង​អនុក្រឹត្យ​នានា រាជរដ្ឋាភិបាល​បានធ្វើ​ប្រតិភូកម្ម និង​ផ្ទេរ​មុខងារ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងនោះ​រួមមាន​ការផ្ដល់សេវា​តាម​អង្គភាព​ច្រកចេញចូល​តែមួយ ហើយ​ថ្នាក់ក្រោម​ជាតិ​មាន​សិទ្ធិ​ប្រមូល​ចំណូល​ផ្ទាល់ និង​ចាត់ចែង​ជា​ចំណូល​នៅតាម​មូលដ្ឋាន​។ ឯកឧត្តម​បាន​បន្ថែមថា ចំណូល​តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អ ដោយសារ​មាន​ប្រព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អាច​កត់ត្រា​ដឹង​ពី​ប្រភព​ចំណូល​តាម​ផ្នែក តាម​វិស័យ​ផងដែរ​។

​ឯកឧត្តម អគ្គនាយក បាន​បន្តថា ការគ្រប់គ្រង​ចំណូល របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ប៉ុន្តែ​អាច​ដោះស្រាយបាន ដោយ​ធ្វើយ៉ាងណា​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​សមត្ថភាព​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​។

​ឯកឧត្តម បាន​បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​ប្រឈម​នានា រួមមាន ការសម្របសម្រួល​រវាង​ភាគី​ពាក់ព័ន្ធ ការធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋបាល​មូលដ្ឋាន​មាន​ស្ថេរភាព​ក្នុងការ​គ្រប់គ្រង និង​ការកសាង​សមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានាថា​ការទទួល​មុខងារ ធនធាន ក៏ដូចជា​ការចាត់ចែង​ធនធាន​របស់ខ្លួន​មាន​ប្រសិទ្ធភាព មាន​គណនេយ្យភាព ឆ្លើយតប​នឹង​តម្រូវការ​នៅតាម​មូលដ្ឋាន ហើយ​ការកសាង​សមត្ថភាព​នេះ​ត្រូវការ​ការចូលរួម ការគាំទ្រ​បច្ចេកទេស និង​ចែករំលែក​បទពិសោធន៍ របស់​ធនាគារពិភពលោក​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×