Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ជំរុញ​ការនាំចេញ​កសិផល ក្រៅពី​អង្ករ មានការ​កើនឡើង​យ៉ាងគំហុក​

​ភ្នំពេញ​៖ ការសម្រេចបាន​ការនាំ​ចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ​ចំនួន​១,៦​លាន​តោន​របស់​កម្ពុជា​គឺ​បាន​កើន​ជាង ៥៥% នៅក្នុង​រយៈពេល ២​ខែ ឆ្នាំ​២០២១​នេះ​។​

​បើតាម​តួលេខ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ត្រឹមតែ​រយៈពេល​២​ដំបូង​នៅ​ឆ្នាំ​២០២១​នេះ កម្ពុជា​សម្រេច​បានការ​នាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ​មាន​ដល់​ទៅ​ប្រមាណ​១​លាន​៦​សែន​តោន កើនឡើង​ដល់​ទៅ​ជាង​៥៥%​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០ ដោយ​ការនាំចេញ​មាន​ទៅកាន់​ទីផ្សារ​គោលដៅ​ចំនួន​២៥​ប្រទេស​។​

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​នេះ អាច​ចាត់ទុកថា ជា​បរិបទ​ថ្មី នៃ​យុទ្ធសាស្ត្រ​ការផ្លាស់ប្តូរ​មុខ​ដំណាំ​របស់​ប្រទេសជិតខាង ព្រោះ​មុខ​ដំណាំ​មួយចំនួន មិនអាច​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​របស់​ពួកគេ​បន្តទៀត ជាមួយនឹង​ដី​ដាំ​ដំណាំ​ក្នុងប្រទេស​ទាំងនោះ ក៏​កាន់តែ​ចង្អៀត​។​


​ម្យ៉ាងវិញទៀត មុខ​ដំណាំ​មួយចំនួន ដែល​កម្ពុជា​នាំចេញ​កើនឡើង​នេះ ដោយសារតែ​ប្រទេសជិតខាង​គេ​លែង​សូវ​ដាំ ដោយ​ប្រទេស​ទាំងនោះ គេ​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ ដែល​នេះ​ជា​ឱកាសល្អ​សម្រាប់​មុខ​ដំណាំ​របស់​កម្ពុជា ងាយស្រួល​ជ្រៀតចូល​ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​។​

​ទិន្នន័យ​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​ផលិតផល​កសិកម្ម ដែល​បាន​នាំចេញ​ច្រើនជាងគេ រួ​មាន​ដំឡូង​មី​ក្រៀម មានការ​នាំចេញ​ជាង ៨០​ម៉ឺន​តោន ខណៈ​ដំឡូង​មី​ស្រស់​នាំចេញ​ជាង​១៥​ម៉ឺន​តោន​។ ស្រូវ​នាំចេញ​ជាង ២៨​ម៉ឺន​តោន​, ស្វាយចន្ទី​នាំចេញ ប្រមាណ ៨​ម៉ឺន​តោន​, គ្រាប់​ពោតក្រហម ជិត​៨​ម៉ឺន​តោន ផ្លែ​ចេក​ស្រស់​ជាង ៧​ម៉ឺន​តោន និង​ផ្លែស្វាយ​ស្រស់​នាំចេញ​មាន​ជាង​៤​ម៉ឺន​តោន​។​

​ដោយឡែក ការនាំចេញ​អង្ករ​វិញ នៅ​រយៈពេល​២​ខែ​ដំបូង នៃ​ដើមឆ្នាំ​២០២១​នេះដែរ កម្ពុជា​សម្រេច​បានការ​នាំចេញ ក្នុង​រង្វង់​ទឹកប្រាក់​ជាង ៦៤​លាន​ដុល្លារ និង​ក្នុង​បរិមាណ​ជាង ៧​ម៉ឺន​៦​ពាន់​តោន ធ្លាក់ចុះ​ដល់​ទៅ​ជាង​៤៤% បើ​ប្រៀបធៀប​នឹង​រយះពេល​ដូចគ្នា នៃ​ឆ្នាំ​២០២០​។ ការនាំចេញ​អង្ករ​នេះ ចិន នៅតែ​ជា​ប្រទេស និង​ជាទី​ផ្សារ​ធំជាងគេ ដែលមាន​ចំណែក​ដល់​ទៅ​ប្រមាណ​ជិត​៥០% គិត​ជា​បរិមាណ​គឺមាន​ជាង ៣​ម៉ឺន​៧​ពាន់​តោន​។ ទីផ្សារ​សហភាព​អឺរ៉ុប​មាន​ចំណែក​ជិត ២៥% និង​ទីផ្សារ​អាស៊ាន​មាន​ចំណែក​៨% នៃ​ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុ​ជា​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×