ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។
ពិធីនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវIndranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីពីរក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិ សិង្ហបុរី ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវTeo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Seth Tan នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia លោកបណ្ឌិតRobert Yap ប្រធានប្រតិបត្តិក្រុមហ៊ុនYCH Group PTE LTD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PP-LC) និងបានផ្តល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្ម ដឹកនាំរៀបចំកិច្ច ព្រមព្រៀងក្របខណ្ឌនេះ (Framework Agreement – FA) ជាមួយក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ដូច ដែលធ្លាប់បានអនុវត្តកន្លងមកសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
កិច្ចព្រមព្រៀងក្របខណ្ឌនេះផ្តល់មូលដ្ឋានគ្រឹះនៃកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនYCH ដើម្បីរៀបចំ បង្កើត និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្ម ភ្នំពេញ(PPLC) ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប លំដាប់ពិភពលោក ធ្វើឱ្យប្រសើរឡើងដល់លំហូរដំណើរការភ័ស្តុភារកម្ម រួមទាំងមានការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យ ភ័ស្តុភារកម្មផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភាព ជាដៃគូជាមួយក្រុមហ៊ុនYCHនេះ ហើយភាពជាដៃគូនេះនឹងជួយពង្រឹងសមត្ថភាពកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់មួយ ដូចមានចែងនៅក្នុងផែនការមេបណ្តោះអាសន្នស្តីពីប្រព័ន្ធតភ្ជាប់បណ្តាញដឹកជញ្ជូន និងភ័ស្តុភារកម្ម។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ(PPLC)នេះនឹងជួយលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព មានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជាពិសេសវានឹងក្លាយជាកម្លាំងចលករប្រកបដោយសក្កានុពលក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យងើប ស្ទុះឡើង សំដៅសម្រេចបាននូវចក្ខុវិស័យលើការអភិវឌ្ឍកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីអត្ថប្រយោជន៍នៃគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះថា ជាគម្រោងយុទ្ធសាស្ត្រមួយមានទីតាំងស្ថិតនៅចំកណ្តាលប្រទេស ជាមួយនឹងការគាំទ្រពីបណ្តាញផ្លូវ ជុំវិញទីក្រុងភ្នំពេញ ដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជា ចំណុចតភ្ជាប់នៃការដឹកជញ្ជូនឆ្លងកាត់ដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ស្ថិតក្នុង ចម្ងាយ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មក្នុងតំបន់ផងដែរដោយហេតុថាកម្ពុជាមានទីតាំងភូមិសាស្ត្រឋិតនៅចំកណ្តាលប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
លើសពីនេះទៀត មជ្ឍមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នឹងជួយឱ្យកម្ពុជាកាត់បន្ថយថ្លៃដើមដឹកជញ្ជូន លើកកម្ពស់ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល សិង្ហបុរី តាមរយៈលោកជំទាវ Indranee Rajah ដែលបានផ្តល់ការគាំទ្រ និងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យគម្រោងនេះឆ្ពោះទៅមុខ និងក្រុមហ៊ុនIAដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាទីប្រឹក្សា សម្រាប់ គម្រោងនេះ ជាពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់ការគាំទ្រដល់គម្រោងនេះផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









