កំពង់ធំ៖ ព្រោះតែខឹងកូនស្រីអាយុ៦ខែ យំខ្លាំងពេក ធ្វើឲ្យឪពុកដេកមិនលក់ ក៏បានទាញចាប់បោះកូនស្រី បោះទម្លាក់ពីលើផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាឪពុកឈ្មោះ សុខ ម៉ៅ អាយុ២២ឆ្នាំ ហើយកូនស្រីឈ្មោះ ណាំ ម៉ាលី អាយុ៦ខែ របួសយ៉ាងធ្ងន់បែកមុខចេញឈាម ចំណែកម្តាយឈ្មោះ សា ផល្លី អាយុ២០ឆ្នាំ។ នគរបាលមូលដ្ឋាន បានបន្ថែមថា ក្រោយពេលកើតហេតុ ម្តាយបានត្រឹមតែយំអាណិតនិងឱបកូនស្រីដ៏កម្សត់ប៉ុណ្ណោះ ហើយមូលហេតុ ដែលធ្វើបុរសជាឪពុក បោះកូនទម្លាក់ពីលើផ្ទះ ព្រោះកូនស្រីតូចយំខ្លាំងពេក រកតែគាត់ដេកពុំបាន ដោយទប់កំហឹងពុំបានគាត់ ក៏ស្ទុះទៅចាប់កូនស្រី គ្រវែងទម្លាក់ពីលើផ្ទះតែម្តងទៅ។ ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានម្តាយយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៕ ដោយ៖បញ្ញាស័ក្តិ