ថ្វីត្បិតមានកម្រិតចំណូលប្រចាំឆ្នាំខ្ពស់បំផុត ក្នុងចំណោមប្រទេសអ្នកមានលើពិភពលោក ក៏សមាជិរដ្ឋាភិបាលសឹង្ហបុរី នៅតែសំណូមពរបង្កើនប្រាក់ខែដែរ ប៉ុន្តែនាយករដ្ឋមន្ត្រីពុំយល់ព្រម។
នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង
រដ្ឋាភិបាលសឹង្ហបុរី តាំងពីយូរមកហើយ បានអនុវត្តគោលនយោបាយផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ ដើម្បីទាក់ទាញបុគ្គលពូកែៗឲ្យមកបម្រើការងារក្នុងក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាល ក៏ដូចជាដើម្បីទប់ស្កាត់អំពើពុករលួយ។ បណ្តារដ្ឋមន្ត្រីទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិច 830.000 ដុល្លារ ក្នុង១ឆ្នាំ។ ពលរដ្ឋនៅដែនកោះនេះពីយូរមកហើយតែងតែប្រឆាំងនឹងកម្រិតប្រាក់បៀវត្សរ៍ដ៏ខ្ពស់របស់មន្ត្រីរដ្ឋការ។
នៅឆ្នាំ២០១២ រដ្ឋាភិបាលបានសម្រេចកាត់ប្រាក់បៀវត្សរ៍ ដើម្បីលួងចិត្តប្រជាជន។ ប៉ុន្តែគណៈកម្មាធិការមួយរបស់រដ្ឋាភិបាល កាលពីឆ្នាំទៅមិញបានស្នើបង្កើនបៀវត្សរ៍ឡើងវិញឲ្យដល់បណ្តារដ្ឋមន្ត្រីក្នុងកម្រិតកំណើន៩%។ ឧបនាយករដ្ឋមន្ត្រី Teo Chee Hean កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសមិនយល់ព្រមនឹងសំណើរនេះ ហើយសង្កត់ធ្ងន់ថា និងបន្តរក្សាប្រព័ន្ធបៀវត្សរ៍ក្នុងកម្រិតបច្ចុប្បន្ន។
ពលរដ្ឋសិង្ហបុរីជាច្រើននៅតែរអ៊ូអំពីកម្រិតបៀវត្សរ៍ខ្ពស់របស់មន្ត្រីរដ្ឋាភិបាល។ មនុស្សម្នាក់បានសរសេរលើបណ្តាញសង្គមថា ៖ “មិនបង្កើនឬ? ហេតុអ្វីមិនព្រមកាត់បន្ថយ?” រីឯអ្នកដទៃទៀតភាគច្រើនលើកឡើងថា រដ្ឋាភិបាលពុំចាំបាច់បកស្រាយអំពីសេចក្តីសម្រេចចិត្តមិនតម្លើងប្រាក់បៀវត្សរ៍នោះទេ ដោយហេតុថា “តាំងពីដំបូងមកប្រាក់បៀវត្សរ៍របស់ពួកគេវាខ្ពស់ហួសហេតុពេកទៅហើយ”។
គួរកត់សម្គាល់ថា ប្រមុខដឹកនាំរដ្ឋាភិបាលសិង្ហបុរីមានប្រាក់បៀវត្សរ៍ជិត ១,៧លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ប្រៀបទៅនឹងប្រធានាធិបតីអាមេរិកដែលមានប្រាក់ចំណូលត្រឹមតែ ៤០០.០០០ដុល្លារប៉ុណ្ណោះ៕ សូយន