Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សេដ្ឋកិច្ច​បង្ហាញថា ក្នុង​ឆ្នាំ​២០១៧​ការប្រមូល​ចំណូល មាន​ប្រមាណ ១៩,៣ ទ្រី​លាន​រៀល​

​ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៧ ការអនុវត្ត​ចំណូល​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រេចបាន​លទ្ធផល​ល្អ ដោយ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ប្រមូលបាន​ប្រមាណ ១៩,៣ ទ្រី​លាន​រៀល ស្មើនឹង​១០៦,១​ភាគរយ​នៃ​ច្បាប់ ក្នុង​នោះ​ចំណូល​សារពើពន្ធ (​ចំណូល​គយ និង​រដ្ឋាករ និង​ចំណូល​ពន្ធដារ​) ប្រមូល​បាន​លើស​ច្បាប់​៨,៤​ភាគរយ ចំណូល​មិនមែន​សារពើពន្ធ​ប្រមូលបាន​លើស​ច្បាប់​៨,១% និង​ចំណូល​មូលធន​សម្រេច​បាន​ប្រមាណ​៩៩,៧% នៃ​ច្បាប់​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​១​ខែ​មីនា ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ដថ​វិកា ប្រចាំឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​រៀបចំឡើង នៅ​ថ្ងៃ​ទី​២៨ ខែ កុម្ភៈ ឆ្នាំ​២០១៨ ក្រោម​អធិបតី​លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់​ថា កិច្ចប្រជុំ ត្រូវបាន​រៀបចំ​ក្នុង​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ត​ថវិកា​ប្រចាំឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច​។ ការអនុវត្ត​ចំណាយ​តាម​អង្គភាព​ថវិកា​ភាគច្រើន បានល្អ​ជាង​ឆ្នាំ​២០១៦ ដោយ​ការអនុវត្ត​កាន់តែ​ខិត​ជិត​ឥណទាន​ច្បាប់ លើកលែងតែ​ករណី​ដែល​មាន​ការបន្ថែម​ឥណទាន​ថវិកា តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល ជាពិសេស​លើ​អន្តរាគមន៍​របស់​រដ្ឋ លើ​ការជំរុញ​ផលិតកម្ម និង​ទីផ្សារ​ស្រូវ​អង្ករ​។ ការអនុវត្ត​សកម្មភាព​ជំនាញ សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន នៅ​គ្រប់​កម្មវិធី ខិត​ទៅជិត​គោលដៅ​កំណត់​ក្នុង​ផែនការ​សកម្មភាព ដោយ​បំពេញ​បាន​ពេញលេញ នូវ​បេសកកម្ម​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ទន្ទឹមនេះ អង្គប្រជុំ​បាន​ពិនិត្យ និង​ពិភាក្សា ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​បាន​ជួបប្រទះ​ក្នុង​ការអនុវត្ត​កម្មវិធី និង​បាន​ដាក់ចេញ​នូ​វិធានការ​ដោះស្រាយ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ សំដៅ​ជំរុញ​ការអនុវត្ត​នៅ​ឆ្នាំ បន្តបន្ទាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​អង្គប្រជុំ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​ដ្ឋា​ន ក្នុងនាម​អង្គភាព​ទទួលបន្ទុក​ហិរញ្ញវត្ថុ ដែល​ជា​សេនាធិការ​របស់​ក្រសួង​លើ​ការងារ​គ្រប់គ្រង​ថវិកា និង​គ្រប់​អង្គភាព​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​សហការ​ផ្ដល់​របាយ​ការណ៍​មក អង្គភាព​ទទួលបន្ទុក​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​បូកសរុប​ចេញ​ជា​របាយការណ៍ ត្រួតពិនិត្យ​និង​វាយតម្លៃ​ការ អនុវត្ត​ថវិកា​ប្រចាំឆ្នាំ​២០១៧​នេះ ដែល​ជា​របាយការណ៍​មាន​លក្ខណៈ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ និង​បំពេញបាន​នូវ​លក្ខខណ្ឌ​តម្រូវ​ដែលមាន​ក្នុង​របាយការណ៍​ណែនាំ ស្ដីពី​នីតិវិធី​អនុវត្ត​ថវិកា​កម្មវិធី​។​

​អង្គប្រជុំ​ក៏បាន​វាយតម្លៃថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ស្ថាបនា​ភាព​ជា​គំរូ ស្របតាម​ទិសដៅ កំណត់ដោយ លោក​បណ្ឌិត​សភា​ចារ្យ​ទេសរដ្ឋមន្ត្រី និង​បាន​លើកទឹកចិត្ត​ឱ្យ​យក​បទពិសោធន៍​នៃ​ការ អនុវត្ត​ថវិកា​កម្មវិធី​ទៅ​បន្ត​កែលម្អ​នីតិវិធី​នានា ដោយ​យក​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​កម្ពុជា ឆ្នាំ​២០១៨-២០២៥ ជា​ប្រទីប និង​ជា​ផែនទី​គោចរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​