មណ្ឌលគិរី ៖ ប្រជាកសិកប្រកបរបរកសិកម្ម រស់នៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា គ្រាប់ស្វាយចន្ទី នៅរដូវប្រមូលផលឆ្នាំ២០១៨នេះ ទទួលបានទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ ដែលធ្វើឲ្យជីវភាព របស់ពួកគាត់មានភាពប្រសើរឡើង។ ប្រជាកសិករមួយចំនួន បានឲ្យដឹងថា ពួកគាត់បានងាយមកចាប់អារម្មណ៍ដំណាំប្រភេទស្វាយចន្ទីនេះវិញ បន្ទាប់ពីខាត់បងលើការដាំដំណាំផ្សេងៗក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ពួកគាត់អះអាងថា ដំណាំចន្ទីងាយស្រួលដាំមិនពិបាកថែទាំ ទើបកសិករពួកគាត់ច្រើនគ្រួសារ គ្រោងដាំស្វាយចន្ទីឲ្យបានច្រើនហិកតារទៀត នៅឆ្នាំខាងមុខ ប្រសិនតម្លៃចន្ទីមានតម្លៃខ្ពស់ដូចពេលបច្ចុប្បន្ន ។ ទន្ទឹមគ្នានេះ គាត់បានសំណូមពរមន្ទីរជំនាញខាងកសិកម្មឲ្យជួយចុះណែនាំ ឬផ្តល់ការអប់រំ ពីរបៀបថែរក្សា និងការប្រើប្រាស់ថ្នាំបង្ការ នៅពេលដាំណាំចន្ទី ដែលអាចប្រឈមនឹងជម្ងឺផ្សេងៗ។
បុរសជាកសិករម្នាក់ឈ្មោះ សាក់ សារ៉ុន រស់នៅចំណុចប៉ោដើមស្វាយ ស្ថិតនៅភូមិគង់ ឃុំស្រែព្រះស្រុកកែវសីមា រៀបរាប់ថា គាត់បានខាត់បង់ពីការដាំដំណាំម្រេច អស់ជាច្រើនម៉ឺនដុល្លារ ហើយពេលនេះរូបគាត់ឈប់បន្តដាំដំណាំម្រេចទៀតហើយ ព្រោះតែតម្លៃម្រេចចេះតែធ្លាក់ចុះ។ លោកបន្តថា បច្ចុប្បន្នដំណាំម្រេច របស់គាត់មានចំនួន ៥ពាន់ជន្លង់ ត្រូវលោកដកជន្លង់បោះចោលទាំងអស់ ហើយ ងាយមកដាំដើមដូង និងស្វាយចន្ទីជំនួសវិញ។ កសិកររូបនេះ ឲ្យដឹងបន្តថា រូបគាត់បានដាំស្វាយចន្ទីបានចំនួន ២០ហិកតារ ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមក ដោយពេលនេះបានហុចផលជាបណ្តើរៗរួចហើយដែរ។ លោកថា ត្រៀមដំណាំចន្ទីឲ្យបានច្រើនហិកតារទៀត នៅពេលគាត់មានលទ្ធភាព។ កសិករខេត្តមណ្ឌលគិរីរូបនេះ បញ្ជាក់ថា ក្រៅពីបានដាំដំណាំស្វាយចន្ទី រូបគាត់នៅមានចំការកៅស៊ូចំនួន ៤០ហិកតារទៀតផងដែរ។
កសិកម្នាក់ទៀត រស់នៅភូមិ ឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ឈ្មោះ អ៊ែល ម៉ាត់ ឲ្យដឹងដែរថា ឆ្នាំនេះ ដំណាំស្វាយចន្ទី របស់គាត់ ប្រមូលបានផលខ្ពស់ជាងរាល់ឆ្នាំ និងមានតម្លៃខ្ពស់ ដែលអាចទទួលយកបាន។ លោកថា ឆ្នាំនេះតម្លៃគ្រាប់ស្វាយចន្ទី លក់បានថ្លៃ ៧៦០០រៀល ក្នុងគីឡូក្រាមសម្រាប់គ្រាប់ស្វាយចន្ទីលេខ១ និងលេខ២ លក់បានថ្លៃ ៧៥០០រៀល។ កសិកររូបនេះ បន្តថា ដោយសារអាកាធាតុអំណោយផលល្អនៅឆ្នាំនេះ មិនភ្លៀងធ្លាក់នៅពេលរដូវស្វាយចន្ទីចាប់ផ្ដើមផ្កា វាអំណោយផលដល់ក្ដិបចន្ទី មិនប្រឈមការជ្រុះ ឬខូចខាតទេ។ លោកបន្តទៀតថា ដំណាំស្វាយចន្ទី បើគិតចាប់ពីថ្ងៃដាំ រហូតដល់ពេលត្រូវប្រមូលផល គឺប្រើពេលអស់ ៣ឆ្នាំ។ ដំណាំស្វាយចន្ទី ចាប់ផ្ដើមផ្កា ពីខែដើមខែមករា និងចាប់ផ្ដើមផ្លែទុំ នៅចុងខែមីនា រហូតដល់ចុងខែមេសា ហើយ បច្ចុប្បន្ននេះ ដំណាំស្វាយចន្ទីកំពុងតែប្រមូលផល។ កសិករូបនេះឲ្យដឹងថា រូបគាត់មានចំការស្វាយចន្ទីចំនួន ៤ហិកតារ ហើយគាត់រើសគ្រាប់ស្វាយចន្ទី បានចំនួនចាប់ពី ៥០គីឡូទៅ ២០០គីឡូ ក្នុងមួយថ្ងៃៗ នៅលើផ្ទៃដីចំការ របស់គាត់ចំនួន ៤ហិកតារ ប៉ុន្តែលោកថា ចំនួននេះអាចកើនឡើងរាងរាល់ថ្ងៃ ពីព្រោះដល់រដូវនេះ ជារដូវស្វាយចន្ទីទុំរោយ។ កសិកររូបនេះ បន្តទៀតថា ដំណាំស្វាយចន្ទី ងាយស្រួលដាំនិងងាយស្រួលថែទាំ ជាងដំណាំផ្សេងៗ ប៉ុន្តែក៏មានការប្រឈមខ្លះដែរនៅពេលវាមានអាយុ ១ឆ្នាំ ទៅ២ឆ្នាំដំបូង និងនៅពេលវាមានអាយុជាង ១០ឆ្នាំ វាមានបញ្ហា ដង្កូវដួងស៊ីគល់ ដែលធ្វើឲ្យស្វាយចន្ទីថមថយចុះទិន្នផល។លោកសំណូមពរដល់មន្ត្រីរជំនាញស្ថាប័នពាក់ព័ន្ធ ឲ្យចុះមកជួយបង្រៀនពីវិធី ប្រើប្រាស់ថ្នាំបង្ការសម្រាប់ដំណាំប្រភេទនេះផង ព្រោះពួកគាត់គ្មានជំនាញគ្រប់គ្រាន់ ចេះតែប្រើប្រាស់ថ្នាំតាមចិត្តចងង់ធ្វើតែប៉ុណ្ណោះរាល់ថ្ងៃនេះ ។
លោក សេង ហួត នាយករដ្ឋបាលសាលាស្រុកកែវសីមា បានឲ្យដឹងថា មូលដ្ឋាននេះមានផ្ទែដីដាំដុះដំណាំស្វាយចន្ទីសរុបចំនួន ៧៧៥ហិកតារ ហើយបច្ចុប្បន្នកំពុងប្រមូលផលចំនួន ៥៥៩ហិកតារ។ លោកបន្តថា បច្ចុប្បន្នកសិកជាច្រើនគ្រួសារបានងាយមកនិយមដាំដំណាំស្វាយចន្ទីច្រើនមែន។ តាមរបាយការណ៍ របស់មន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង ធ្លាប់ឲ្យអ្នកព័ត៌មានដឹងថា នៅទូទាំងខេត្តមណ្ឌលគិរី មានផ្ទៃដីដាំស្វាយចន្ទីសរុបចំនួន ២ពាន់ហិកតារ ក្នុងចំណោមស្រុក-ក្រុងទាំង៥ គឺមានតែស្រុក កែវសីមា និងស្រុកអូររាំងទេ មានដំណាំប្រភេទនេះច្រើនជាងគេ៕ ដោយ៖ សមុទ្រឈើ