Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នាំយក​ព្រះរាជសារ និង​ព្រះរាជ​ទ្រព្យ ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​ជូន ឯកឧត្តម ម៉ម ប៊ុនហេង​

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គុយ សុផល ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​អម​ក្រសួងព្រះបរមរាជវាំង និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី បាន​នាំយក​ព្រះរាជសារ និង​ព្រះរាជ​ទ្រព្យ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ទាំង​ទ្វេ​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ ក្នុង​១​អង្គ ២០០.០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច សរុប​ចំនួន ៤០០.០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ចូលរួម​សកម្មភាព​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល ក្នុងពេល​បច្ចុប្បន្ន​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ស្ថិតក្នុង​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីត​១៩ កំពុង​កើតមានឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ដ៏​វិសេសវិសាល​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​ចំនួន ៤០​មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក (​ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០​ម៉ឺន​ដុល្លារ និង​សម្តេចព្រះ​មហាក្សត្រី ចំនួន ២០​ម៉ឺន​ដុល្លារ​) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ COVID-19 ដែល​ទាំងអស់នេះ​គឺ​ក្រោម​ព្រះរាជ​ត​ម្រិៈ​ដង្ហែ​តាម​ជានិច្ច​ចំពោះ​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា ព្រះវររាជបិតា​សុខាភិបាល​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ដ៏​រុងរឿង​នៃ​យើង ដែល​ព្រះអង្គ​តែងតែមាន​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​សុខាភិបាល ជាពិសេស​បញ្ហា​សុខភាព​របស់​បងប្អូន​ប្រជានុរាស្ត្រ​ជា​កូនចៅ ដោយបាន​កសាង​នូវ​ព្រះរាជ​សមិទ្ធផល​ជាច្រើន​បម្រើ​ឲ្យ​វិស័យ​សុខាភិបាល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​មាន​ភាពល្អ​ប្រសើរឡើង និង​ត្រូវបាន​ប្រជានុរាស្ត្រ​ថ្វាយ​ព្រះបរមនាម​ថា ព្រះវររាជបិតា​សុខាភិបាល​ជាតិ ។

​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ព្រះអង្គ​ទាំង​ទ្វេ សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីត​១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សរុប​ទាំង​៤​លើក មាន​ចំនួន ៣,៧០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×