ម្នាក់ក្នុងចំណោមស្ត្រី៣នាក់ ដែលត្រូវបានចាប់បាននៅក្នុងវីដេអូ មានចេតនាក្អកដាក់ និងថែមទាំងរករឿងឈ្លោះខ្លាំងៗ ទៅលើអ្នកបើកឡានម្នាក់ នៅក្នុងទីក្រុង San Francisco ត្រូវបានគេរាយការណ៍ថា បានចូលខ្លួនឲ្យប៉ូលីស។
ស្ត្រីរូបនោះដែលមានឈ្មោះ Arna Kimiai អាយុ ២៤ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍មុន និងកំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្លន់កម្រិតទី១ និងការសមគំនិតក្នុងការប្រព្រឹត្តបទល្មើស។
ចំណែកអ្នកបើកឡានរងគ្រោះជាជនជាតិនេប៉ាល់ មានឈ្មោះ Subhakar Khadka ត្រូវបានឮនិយាយថា៖ «នាងចាប់ផ្តើមជេរប្រមាថខ្ញុំ ដាក់បណ្តាសាខ្ញុំ។ ស្ត្រីទាំងនេះសូម្បីនិយាយអំពីការបាញ់ខ្ញុំ ហៅបងប្អូនជីដូនមួយរបស់ពួកនាងមកបាញ់ខ្ញុំទៀត។ ខ្ញុំមិនដឹងថាតើពួកនាងកំពុងលេងសើចអ្វីជាមួយខ្ញុំទេ!»។
យោងតាម Khadka នោះអ្នកដំណើរស្រីៗទាំងនេះ បានចាប់ផ្តើមរំលោភបំពាន គឺបន្ទាប់ពីគាត់បានស្នើម្នាក់ក្នុងចំណោមស្ត្រីទាំង៣នាក់នោះ ឲ្យពាក់ម៉ាស់។ ហើយនៅពេលនាងបដិសេធពាក់ គាត់ក៏បានអែបរថយន្តឈប់។ នៅក្នុងអំឡុងពេលហេតុការណ៍កើតឡើង គេបានឃើញ ស្រីជើងឆើត Kimiai លូកដៃឆក់យកទូរស័ព្ទរបស់ Khadka មុនពេលបន្ទាប់មក គប់ឲ្យវិញ។
ពុំត្រឹមតែប៉ុណ្ណឹងទេ ក្នុងវីដេអូ ក៏បានបង្ហាញស្ត្រីរូបនេះ សូម្បីនិយាយថា នាងមានកូវីដ១៩ ហើយក្អកដាក់ និងបន្ទាប់មកទាញផ្តាច់ម៉ាស់ពី Khadka ទៀតផង។
ប៉ូលីសក្រុង San Francisco បាននិយាយថា បច្ចុប្បន្ន ពួកគេកំពុងបន្តការស៊ីបអង្កេត ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


