ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ បង្កើតគណបក្ស “កែទម្រង់កម្ពុជា” ហើយ។
ប៉ុន្តែស្នើឲ្យធ្វើការផ្លាស់ប្តូរពាក្យ “សង្គ្រោះ បម្រើ ការពារ” ដែលមាននៅក្នុងសញ្ញាសម្គាល់គណបក្ស ដោយសារពាក្យទាំងនេះ ដូចនឹងបាវចនារបស់គណបក្សនយោបាយដែលបានរំលាយដោយដីកាតុលាការកំពូល។
សម្តេចក្រឡាហោម ស ខេង បានជម្រាបទៅតំណាងស្ថាបនិកគណបក្សកែទម្រង់កម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សកែទម្រង់កម្ពុជា” ដែលសរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សរឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលនៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ទន្ទឹមនេះ ផ្អែកតាមបញ្ញត្តិមាត្រា១១ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃស្នើឲ្យតំណាងស្ថាបនិកគណបក្សធ្វើការផ្លាស់ប្តូរពាក្យ “សង្គ្រោះ បំរើ ការពារ ” ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារពាក្យនេះដូចគ្នានឹងបាវចនារបស់គណបក្សនយោបាយដែលត្រូវបានរំលាយដោយសាលដីកាតុលាការកំពូល។ដូច្នេះដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សកែទម្រង់កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងផ្លាស់ប្តូរពាក្យដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្សដូចដែលបានណែនាំខាងលើ។
សូមជម្រាបថា លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានយកពាក្យស្នើសុំបង្កើតគណបក្សកែទម្រង់កម្ពុជា ទៅដាក់នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ