ប៉េកាំង ៖ ក្នុងឱកាសគង់ពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិត ចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេច ព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញព្រះរាជ ទស្សនកិច្ចនៅទីក្រុងសៀងហៃនៃសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ តបតាមសេចក្តីថ្វាយបង្គំ សូមយាងពីសំណាក់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។
នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជគណៈប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើរមាន៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោកជំទាវ ខែក កែមាលី ស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងមន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំងច្រើនរូបទៀត និងមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប ទៀត បានយាងនិងអញ្ជើញទៅកាន់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីបន្តព្រះរាជដំណើរតាម ព្រះទីនាំងយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងសៀងហៃ។
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងព្រះរាជគណៈប្រតិភូជាន់ខ្ពស់ដង្ហែថ្វាយព្រះរាជដំណើររបស់ប្រទេសទាំង២ បាន យាង និងអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Hongqiao។
ក្នុងឱកាសដ៏ល្អប្រសើរនោះ មានការអញ្ជើញចូលរួមថ្វាយព្រះពរថ្វាយព្រះរាជបដិសណ្ឋារកិច្ច ស្វាគមន៍ប្រកបដោយភាពខ្ពង់ខ្ពស់កក់ក្តៅពីសំណាក់ឯកឧត្តម Zong Ming អភិបាលរងក្រុង សៀងហៃ, ឯកឧត្តម Zhang Xiaosong អគ្គនាយកការិយាល័យទំនាក់ទំនងការបរទេសក្រុង សៀងហៃ, ឯកឧត្តម Liu Guangyong អគ្គនាយករងការិយាល័យទំនាក់ទំនងការបរទេសក្រុង សៀងហៃ និងមន្ត្រីជាន់ខ្ពស់ក្រុងសៀងហៃជាច្រើនរូបទៀត។
បន្ទាប់ពីពិធីថ្វាយព្រះពរស្វាគមន៍ ប្រកបដោយមនោសញ្ចេតនាគោរពនឹករលឹក និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅពីសំណាក់ ឯកឧត្តម អភិបាលរងក្រុង និងមន្ត្រីជាន់ខ្ពស់ក្រុងសៀងហៃរួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យបន្តព្រះរាជដំណើរ មកគង់ស្នាក់អាស្រ័យ នៅសណ្ឋាគារ Bellagio ក្នុងក្រុងសៀងហៃ ។
នៅវេលាម៉ោង១៤និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈខ្ពង់ខ្ពស់បំផុត ដង្ហែថ្វាយដោយ ព្រះរាជគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅសារមន្ទីរភាពយន្តសៀងហៃ ។
ក្នុងឳកាសនោះ លោកស្រី Wang Jian’er ប្រធានសារមន្ទីរភាពយន្តសៀងហៃ បានថ្វាយរូបសំណាក់វីរជនអង់អាចក្លាហានជំនាន់ឯកឧត្តមប្រធាន ម៉ៅ សេទុង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដោយឡែក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ជូនលោកស្រី Wang Jian’er ប្រធានសារមន្ទីរភាពយន្តសៀងហៃ ទទួលបានប្រអប់បារីប្រាក់ដោយមានចម្លាក់នូវក្បូរក្បាច់តាមរចនាបទប្រពៃណីបុរាណខ្មែរយ៉ាងល្អប្រណិត។ ចំពោះមន្ត្រីគ្រប់គ្រងសារមន្ទីរភាពយន្តសៀងហៃ ទទួលបានក្លងប្រាក់ដោយមានរំលេចនូវក្បូរក្បាច់ផ្កាភ្ញីយ៉ាងល្អប្រណិតបង្ហាញពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ