គិតមកទល់ពេលនេះ គឺមានរយៈពេល ៧ ថ្ងៃ ហើយ ដែលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានចេកចេញពីផ្ទះ មកព្យាបាលជំងឺកូវីដ១៩ នៅឯសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារ Intercontinental)។
យ៉ាងណាមិញ ខណៈកំពុងសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃរួចមក កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ លោក ណុប បាយ៉ារិទ្ធ ក៏បានឆ្លៀតធ្វើការ Live Video នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីសួរសុខទុក្ខទៅដល់បងប្អូនទាំងអស់គ្នា ដែលបានមានការព្រួយបារម្ភ និងក៏ដូចរៀបរាប់អំពីអាការជំងឺកូវ១៩ របស់ខ្លួនផងដែរ។
ក្នុងនោះ តារាចម្រៀងប្រុសវ័យរាងជ្រេមុខក្មេងរូបនេះ បានរៀបរាប់ទាំងអួលដើមក និងសម្រក់ទឹកភ្នែក ឲ្យដឹងថា មកទល់ពេលនេះ ស្ថានភាពជំងឺរបស់លោកនៅពុំទាន់ប្រសើរនៅឡើយទេ តែយ៉ាងណា លោកនឹងតាំងចិត្តប្រយុទ្ធតតាំងនឹងជំងឺនេះរហូតដល់ទីបញ្ចប់។ លោកក៏បានបញ្ជាក់ឲ្យដឹងថា រាល់ថ្ងៃនេះ លោកសម្រាកបានត្រឹមតែ ១០ ទៅ១៥ នាទី ប៉ុណ្ណោះ គឺភ្ញាក់ហើយ ពោលគឺគេងមិនស្កប់នោះទេ។ រីឯការហូបវិញ គឺបានតែ ២-៣ ម៉ាត់ និងពេលខ្លះគឺត្រូវលាបទាំងបាយទាំងទឹក។ ដោយសារតែបែបនេះហើយ ជាហេតុធ្វើឲ្យលោកស្រកទម្ងន់អស់ច្រើន ដែលបូករួមទាំងការនឹករលឹកទៅដល់មនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ។
តែទោះយ៉ាងណា ក្នុងនាមជាប្រជាជនខ្មែរមួយរូប លោកពិតជាអរគុណខ្លាំងណាស់ ទៅដល់ទឹកចិត្តយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រមុខថ្នាក់ដឹកនាំកំពូលសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះ ព្រោះតែដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាជនខ្មែរទូទាំងប្រទេស។
លើសពីនេះ អ្វីដែលធ្វើឲ្យលោកកាន់តែរំជួលចិត្តទៀតនោះ គឺលោកអាណិតទៅដល់ក្រុមគ្រូពេទ្យជួរមុខ ដែលពុំត្រឹមត្រូវឃ្លុំខ្លួនជាមួយសម្លៀកបំពាក់ការពារយ៉ាងលំបាកប៉ុណ្ណោះទេ តែថែមទាំងបានលះបង់អាយុជីវិតរបស់ពួកគាត់ មកមើលថែព្យាបាលអ្នកជំងឺ១៩ យ៉ាងយកចិត្តទុកដាក់ មិនយប់ ឬថ្ងៃនោះឡើយ ដើម្បីព្យាបាលអ្នកជំងឺឲ្យរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







