លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ត្រូវបានតែងតាំងជាអគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហុងកុង និងម៉ាកាវ បានអញ្ជើញទៅដល់ទីក្រុងហុងកុង ហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដើម្បីបំពេញការងារជាផ្លូវការ ក្នុងការទំនាក់ទំនងកិច្ចការផ្សេងៗសង្គមជាតិ និងអន្តរជាតិ ជាមួយបណ្ដាប្រទេសដៃគូ ជាពិសេសស្ថានភាពការងារនៅទីក្រុង ហុងកុង និងម៉ាកាវ។
ការអញ្ជើញដល់របស់ លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ត្រូវបានតែងតាំងជាអគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហុងកុង និងម៉ាកាវ មានការចូលរួមទទួលស្វាគមន៍យ៉ាងរីករាយ កក់ក្ដៅដោយ លោកស្រី ការីណា ពុន ប្រធានពិធីការ , លោក ឡូ កាំវ៉ា អតីតប្រធានសមាគមន៍ខ្មែរ-ហុងកុង ប្រចាំទីក្រុងហុងកុង , លោក អ៊ូ ចាន់រដ្ឋា មន្ត្រីប្រធានក្រុមការងារកុងស៊ុល , លោក វង្ស ច័ន្ទសុឌីណា អនុប្រធានក្រុមការងារកុងស៊ុល។
នេះជាគោលនយោបាយលើកកម្ពស់ស្ត្រីទៅក្នុងការងារលំដាប់ថ្នាក់ជាតិ និងអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្ដេច បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធនឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី ទាំងការងារថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន ជាពិសេសថ្នាក់ទំនាក់ទំនងអន្តរជាតិ សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ការតែងតាំង លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី ធ្វើជាអគ្គកុងស៊ុលនេះ គឺជាការបង្ហាញឲ្យឃើញនូវសមត្ថភាព ដោយសារតែកន្លងមកលោកស្រី បានបំពេញការងារ ជាអត្ថប្រយោជន៍ជូនសង្គមជាតិច្រើន មានបទពិសោធន៍ និងសមត្ថភាពក្នុងការទំនាក់ទំនងកិច្ចការអន្តរជាតិ ជាមួយបណ្ដាប្រទេសជាមិត្ត ទាំងក្នុង និងក្រៅប្រទេសកម្ពុជា ទើបលោកស្រី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងការងារថ្មីមួយនេះ។
នេះជាការបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុន សែន ទៅលើតម្លៃស្ត្រីក្នុងការងារទាំងក្នុង និងក្រៅប្រទេស ជាពិសេសលើកកម្ពស់ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឃ និងសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN