របបផ្តាច់ការ គីម ជុងអ៊ុន កំពុងតែបន្តការរីកចម្រើនរបស់ខ្លួន ដោយបង្កើនការកំណត់ទិសដៅមីស៊ីលបានល្អជាងមុន ដែលអាចឲ្យពួកគេវាយប្រហារចំគោលដៅច្បាស់លាស់បាន។ នេះបើតាមមន្ត្រីអាមេរិច។
ការរីកចម្រើនរបស់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងគឺកើតឡើង ក្នុងកំឡុងពេលស្ថានភាពឧបទ្វីបបានធូរស្រាលក្នុងកំឡុងព្រឹត្តិការណ៏អូឡាំពិចដែលទើបតែបានបញ្ចប់នៅសប្តាហ៏មុន ក្នុងប្រទេសកូរ៉េខាងត្បូង។
មន្ត្រីអាមេរិចដែលបដិសេធបញ្ជេញឈ្មោះ ក៏បានចង្អុលបង្ហាញដែរថា កូរ៉េខាងជើងនៅតែមានបញ្ហាបច្ចេកទេសក្នុងការកំណត់ឲ្យក្បាលគ្រាប់នុយក្លេអ៊ែរហោះចូលក្នុងបរិយាកាស។
ចំនែកលោក Mike Pompeo ប្រធានភ្នាក់ងារស៊ើបអង្កេតបជ្ឍិម (CIA) កាលពីពេលថ្មីៗនេះ បានថ្លែងថា កូរ៉េខាងជើងស្ថិតនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ វានឹងអាចសម្រេចគោលដៅក្នុងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលបាន ដែលអាចបាញ់ដល់អាមេរិច។
លោកបានថ្លែងប្រាប់វិទ្យាស្ថានសហគ្រាសអាមេរិចកាលពីចុងខែមករាកន្លងទៅថា “កូរ៉េខាងជើងកំពុងស្ថិតនៅជិតចំនុចមួយមិនធ្លាប់មាន ដែលអាចធ្វើឲ្យអាមេរិចគ្រោះថ្នាក់។ ខ្ញុំថា ប៉ុន្មានខែទៀតទេ”។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានអះអាងថា កំពុងពិចារណាប្រើប្រាស់យោធាប្រឆាំងនឹងព្យុងយ៉ាង បើរបបនេះសម្រេចបានអាវុធនុយក្លេអ៊ែរ។
មន្ត្រីជាន់ខ្ពស់សន្តិសុខជាតិអាមេរិចជាច្រើនរូប ជឿជាក់ថា ការសម្រេចបាននុយក្លេអ៊ែររបស់ព្យុងយ៉ាងគឺតំណាងឲ្យគ្រោះថ្នាក់សំរាប់អាមេរិច ៕ សុភ័ក្ត្រ