ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ បានធ្វើលិខិតស្នើសុំទៅសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ា ដួង ឆាយ ។ នេះបើយោងតាមលិខិតរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២១នេះ។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានទូលថ្វាយព្រះមហាក្សត្រថា “ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ។
អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ”។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងការអំពើហិង្សាយ៉ាងឃោរឃៅរ ព្រៃផ្សៃរបស់ឧកញ៉ា ឌួង ឆាយ ទៅលើអតីតភរិយារបស់ខ្លួន គឺអ្នក ស្រី ដេត ម៉ាលីណា។ ការប្រតិកិម្មរបស់សម្តេច តតេជោ ហ៊ុន សែន បាន ធ្វើ ឡើងបន្ទាប់ពីអតីតភរិយារបស់ឧកញ៉ា ដួង ឆាយ បញ្ចេញវីដេអូដែលបង្ហាញពីសកម្មភាពរបស់ឧកញ៉ា ដួង ឆាយ ប្រើអំពើហិង្សាលើខ្លួន នាពេល កន្លងមក។
អ្នកស្រី ដេត ម៉ាលីណា បានបញ្ចេញវីដេអូអំពីសកម្មភាពរបស់ឧកញ៉ា ឌួង ឆាយ ប្រើអំពើហិង្សាលើអ្នកស្រី នៅលើបណ្តាញ សង្គម ហ្វេសប៊ុកកាលពី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ អមជាមួយនិងការបង្ហោះវីដេអូនេះ អ្នកស្រី ដេត ម៉ាលីណា ក៏បាន រៀបរាប់អំពីការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តក្នុង ការរស់ នៅជាមួយអតីតប្តីរបស់ខ្លួនជាង ១០ឆ្នាំកន្លងមក។
អ្វីដែលគួរឲ្យសង្វេគនោះ គឺកូនៗបាន ស្រែកយំពេញផ្ទះនៅពេល ដែលឃើញឪពុករបស់ខ្លួនបានប្រើហិង្សាទៅលើម្តាយ។ ប៉ុន្តែបើទោះ បីជាសម្លេងកូនស្រែក យំយ៉ាងណាក៏ដោយក៏ឧកញ៉ា ដួង ឆាយ មិនបញ្ឈប់សកម្មភាព របស់ខ្លួននោះទេ។
បន្ទាប់ ពីបាន ឃើញវីដេអូរបស់ឧកញ៉ា ដួង ឆាយ ប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើអតីតភរិយារបស់ខ្លួននោះ គឺមានមតិរិះគន់ជាច្រើនបានចូលទៅខមមិន ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានចូលទៅខមមិនផងដែរ។
សម្តេចតេជោ ហ៊ុន សែន ខមមិននៅក្នុងហ្វេសប៊ុក របស់អ្នកស្រី ដេត មាលីណា យ៉ាងដូច្នេះថា ” ហេតុអី ឌួង ឆាយ ឃោរឃៅដល់កំរិតនេះ “។
ចំណែកអ្នកខមមិនជាច្រើនបានហៅការប្រើអំពើហិង្សា របស់ឧកញ៉ាដួង ឆាយ គឺសាហាវ និងបានឲ្យស្ថាប័នតុលាការចាត់ការតាមនីតិវិធីច្បាប់ ជាពិសេសក្រសួងកិច្ចការនារី។
គណនីហ្វេសប៊ុកឈ្មោះ Ly Ly Sa បាន ខមមិនថា “ទឹកភ្នែកខ្ញុំស្រក់ពេលមើល video ដ៏ឃោឃៅនេះ សាហាវណាស់”។
គណនីហ្វេសប៊ុកឈ្មោះ Maniya Ngin បានខមមិនថា “ស្លុតណាស់លោកអើយ ព្រះអើយ ឮសម្លេងប្រពន្ធកូន ខ្ញុំស្រក់ទឹកភ្នែក ប្ដីអ្នកមាន មានកិត្តិយស តែគ្មានសេចក្តីសុខ”។
គណនីហ្វេសប៊ុកឈ្មោះ សុជាតា មុទិតា បានខមមិនថា “មើលហើយស្លុតចិត្តណាស់ ។ មនុស្សធ្លាប់សន្ដានឃោរឃៅ នៅតែឃោរឃៅអ៊ីចឹងគ្មានថ្ងៃអាចប្រែបានទេ។ ស្មានតែជាទេវបុត្រ តាមពិតជាបិសាចសោះលោកអើយ”។
គណនីហ្វេសប៊ុកឈ្មោះ Sarina Lucky Luy បានខមមិនថា “មនុស្សស្រីបើមានរឿងត្រឹមល្មមៗ គឺស៊ូទ្រំណាស់ដោយសារមិនចង់មានពាក្យប្ដី១ប្ដី២ តែបើទ្រំលែងបានហើយមានតែលែង បើគ្នាលែងហើយ បានន័យថា រឿងនោះធំដុំណាស់រហូតដល់គ្នាទទួលយកលែងបានទើបគ្នាត្រូវតែស៊ូអោយកូនអត់មានឪរបៀបនេះប្រសើរជាង។ ប្អូនស្រីរឹងមាំក្លាហ៊ានណាស់ ស៊ូបន្ដររឹងមាំដើម្បីកូនៗបន្ដរទៅទៀតណា”។
គណនីហ្វេសប៊ុកឈ្មោះ Sammy Oum បានខមមិនថា “លោតទៅវៃប្រពន្ធនៅនឹងមុខកូន អត់ញញើតដៃ ។ វៃប្រព្ធននៅមុខឪពុកម្តាយគេបង្កើតអត់ក្លាចចិត្តឪពុកម្តាយក្មេក មានកាំភ្លឺមានអីទៀត មិនដឹងប្រពន្ធកូន អុំប្រុសស្រីក្លាចយ៉ាងណាទេ ។ខ្ងុំមើលឡើងញ័រដៃ ញ័រទ្រូងហើយ ទំរាំនាក់នៅក្នុងហេតុការណ៍ផ្ទាល់ មិនដឹងភយ័យ៉ាងណា។ ខុសត្រូវយ៉ាណានិយាយគ្នាទៅ កុំប្រើហឹងស្សា”។
គណនីហ្វេសប៊ុកឈ្មោះ Meas Socheata បានខមមិនថា “មនុស្សស្រីមិនងាយបញ្ចេញទេតែបើដល់កឆ្អែតពេកគឺលែងខ្មាស់គេហើយ”។
គណនីហ្វេសប៊ុកឈ្មោះ Rong Dalin បានខមមិនថា “មើលវីដេអូនេះហើយ ទើបដឹងថាមនុស្សស្គាល់មុខតែមុនស្គាល់ចិត្ត អាចជាបុគ្គលដែលឲមហាជនគោរពស្រលាញ់ពីទឹកចិត្តសប្បុរស តែនៅពីក្រោយការពិត ហ៊ានលើកដៃវៃប្រពន្ធខ្លួនឯង បំផ្លាញរបស់របរក្នុងផ្ទះ ។ ណ្ហើយអាណិតបងស្រី”។
គណនីហ្វេសប៊ុកឈ្មោះ គីម ឡាង គីម ឡាង បាត់ដំបង បានខមមិនថា “អាណិតគាត់ខ្លាំងយុត្តិធម៌គួរតែមានសម្រាប់គាត់ជាស្ត្រីទន់ខ្យោយ ចង់បានកូនមកឱបជាប់កាយវិញដោយមិនខ្វល់ពីសុវត្ថិភាពខ្លួនឯងបងជាមនុស្សស្រីដ៏អស្ចារ្យម្នាក់ ជូនពរបងឲ្យសម្រេចបំណងបានជួបកូនៗបងវិញ”។
គណនីហ្វេសប៊ុកឈ្មោះ Somaly Keo បានខមមិនថា “សាហាវណាស់ គួតែអ្នកច្បាប់ ឬស្ថាប័នតុលាការ ចាត់ការតាមនីតិវិធីច្បាប់ហើ់យ ជាពិសេសក្រសួងកិច្ចការនារី សមាគមនស្ត្រី ចាត់ការបណ្តឹងទៅតាមវីដេអូក្លីបទាំងនេះ”។
នៅមានខមមិនជាច្រើនផ្សេងទៀតដែល អ្នក លេងបណ្តាញសង្គមហ្វេសប៊ុកបាន ចូលខមមិន នៅក្នុងហ្វេសប៊ុករបស់អ្នកស្រី ដេត មាលីណា។ បើមើលនៅក្នុងហ្វេសប៊ុកអ្នកស្រី ដេត មាលីណា ដែលបានបង្ហោះវីដេអូនេះ គឺមានខមមិនរិះគន់ជិតពីរម៉ឺនខមមិន៕ រក្សាសិទ្ធិដោយ៖ចេស្តា