Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សាលាស្រុក​បាធាយ ១​រូប និង​ប្រពន្ធ រួម​និង​មនុស្ស​៥១​នាក់​ផ្សេងទៀត ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ភ្នំពេញ​

​កំពង់ចាម ៖ បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ប្រជាជន​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១៧​ខែមីនា​នេះ​ថា លោក រិ​ទ្ធ សារី នាយករង​រដ្ឋបាល​សាលាស្រុក​បាធាយ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា លោក យួន វណ្ណៈ អាយុ ៥១​ឆ្នាំ មាន​តួនាទី អនុប្រធាន​ការិយាល័យ សង្គមកិច្ច និង​សុខុមាលភាព​សង្គម ប្រពន្ធ​ឈ្មោះ ជា ស្រីមុំ រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​ជាប់​ពាក់ព័ន្ធ​និង​កូនប្រុស​បង្កើត​ដែលមាន​ផ្ទុក វិជ្ជមាន​កូ​វីដ​-១៩ ខណៈដែល​រូបគាត់​ទៅលេង​កូនប្រុស​នៅ​ភ្នំពេញ​។​

​លោក រិ​ទ្ធ សារី បន្តថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ លោក យួន វណ្ណៈ បានមក​រាយការណ៍ ដល់​រដ្ឋបាល​ស្រុក​បាធាយ​ថា កាលពី​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០២១ កូនប្រុស​របស់គាត់​ម្នាក់​ឈ្មោះ មាន សុវណ្ណ​ណែ​ត អាយុ ២០​ឆ្នាំ ធ្វើការ​នៅ​ភ្នំពេញ ហើយ​ពួកគាត់​ទាំងពីរ​នាក់​ឪពុក​កូន បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​កន្លែងធ្វើការ​របស់ សុវណ្ណ​ណែ​ត នៅ​ភ្នំពេញ ហើយ​ពេលនោះ សុវណ្ណ​ណែ​ត មិន​បានមក​ស្រុក​ជា​រូបគាត់​ទេ ប៉ុន្តែ​គេ​បាន​ផ្ញើរ​លុយ​សម្រាប់​ចងដៃ​ការ​បងប្អូន​តាមរយៈ​រូបគាត់​ជា​ឪពុក​។ លុះដល់​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ ២០២១ សុវណ្ណ​ណែ​ត បាន​ទូរស័ព្ទ​មក​ប្រាប់​រូបគាត់​ថា សុវណ្ណ​ណែ​ត មាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ពេលនេះ​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ពី​អាជ្ញាធរ​ស្រុក​បាធាយ ភ្លាមៗ​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ លោក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​សុខាភិបាល​ចុះទៅ​ដល់ផ្ទះ​របស់លោក យួន វណ្ណៈ ដើម្បី​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែម ជាពិសេស​អ្នកពាក់ព័ន្ធ​ក្នុងអំឡុង​ពេលដែល​លោក យួន វណ្ណៈ មកពី​ជួប​កូនប្រុស​របស់គាត់​វិញ​។​

​ខណៈនោះ លោក យួន វណ្ណៈ បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ដឹងថា រូបគាត់​មិនបាន​ទៅ​ដើរលេង​ខាងក្រៅ​ទេ កាល​នៅ​ភ្នំពេញ និង​ពេលមកដល់​ស្រុក​បាធាយ​វិញ ប៉ុន្តែ​ធ្លាប់បាន​ទៅ​ជួយ​លក់ដូរ​ប្រពន្ធ​ក្នុង​មន្ទីរពេទ្យបង្អែក ស្រុក​បាធាយ និង​ទៅធ្វើ​ការ​នៅ​ការិយាល័យ​របស់គាត់​នៅ​សាលាស្រុក​បាធាយ​។​

​លោក យួន វណ្ណៈ បន្តថា ចំពោះ​អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ ជាមួយ​រូបគាត់​គឺមាន​តែ​អ្នកស្រី ជា ស្រីមុំ ដែលជា​ប្រពន្ធ​របស់គាត់ ក្រៅពីនេះ​មាន​មនុស្ស​៣០ នាក់​ផ្សេងទៀត បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ប្រយោល​ប៉ុណ្ណោះ​។​
​ដោយឡែក​អ្នកពាក់ព័ន្ធ ក្នុង​ចន្លោះ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែ មីនា ឆ្នាំ​២០២១ តាមរយៈ​នៃ​ការ​ស្រាវ​ជាវ​របស់​អាជ្ញាធរ​បាន​រកឃើញថា អ្នកពាក់ព័ន្ធ​និង​ឈ្មោះ​ខាងលើ​មាន​សរុប ៥១​នាក់ ក្នុងនោះ​មន្ត្រីរាជការ​សាលាស្រុក ៣០​នាក់ និង​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកស្រី ជា ស្រីមុំ មាន​២១ នាក់ ហើយ​ពេលនេះ អ្នក​៥១ នាក់​ខាងលើ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ក្រោម​ការជួយឧបត្ថម្ភ ជ្រោមជ្រែង ពី​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម ជា​ប្រធាន​។​

​លោក ផេ​ន សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាធាយ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ មន្ត្រី​សាលាស្រុក​មួយចំនួនធំ តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤ ថ្ងៃ ដូច្នេះ​ក្នុង​រយៈពេល​នេះ រដ្ឋបាល​ស្រុក​ពុំមាន​មន្ត្រី​គ្រប់គ្រាន់​សម្រាប់​បម្រើសេវា​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដូច​សព្វមួយដង​ទេ ហេតុនេះហើយ​រដ្ឋបាល​ស្រុក​បាធាយ សូមមេត្តា​អធ្យាស្រ័យ​ចំពោះ​ការបម្រើ​សេវាសាធារណៈ មានការ​យឺតយ៉ាវ​នៅក្នុង​អំឡុងពេល​មន្ត្រី​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សូមជម្រាបថា មកដល់ពេលនេះ អ្នក​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ក្រុង​កំពង់ចាម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×