ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីមរណភាព បុរសជនជាតិចិនឈ្មោះ RAO SHAOXING ភេទ ប្រុស អាយុ២៧ឆ្នាំ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កន្លងមក។
បើតាមកំណត់ហេតុកោសល្យវិច័យ បុរសរូបនេះស្លាប់ដោយសារ ជំងឺរលាកលំពែង រលាកសួតធ្ងន់ធ្ងរ និងមានជាតិស្ករឡើងខ្ពស់ ដោយឡែកលទ្ធផលវិភាគវិញ គឺមិនមានវិជ្ជមានវីរុសកូវីដ-១៩នោះទេ។
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលា ម៉ោង១៣:៤៣ នាទីរសៀល មានករណីបុរសជនជាតិចិនម្នាក់ឈ្មោះ RAO SHAOXING ភេទ ប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH480832 បានទទួលមរណភាពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ សូមបញ្ជាក់ថា បុរសជនជាតិចិននេះ បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានស្នាក់នៅ និងធ្វើចត្តាឡីស័កនៅបន្ទប់លេខ៩១៨ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:៤២នាទី ដោយបុរសរូបនេះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ដោយពិនិត្យឃើញថាជំងឺរបស់គាត់មានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ក្រុមគ្រូពេទ្យក៏បានរៀបចំបែបបទ ដើម្បីបញ្ជូនគាត់ទៅសង្គ្រោះនៅរាជធានីភ្នំពេញប៉ុន្តែដោយស្ថានភាពសុខភាពចុះខ្សោយពេក ទើបធ្វើឱ្យគាត់ទទួលមរណភាពនៅវេលាម៉ោង១៣:៤៣នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ យោងតាមរបាយការណ៍ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ របស់មន្ទីរពេទ្យបង្អែកខេត្ត និងកំណត់ហេតុកោសល្យ វិច័យចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ របស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបង្ហាញថាបុរសខាងលើស្លាប់ដោយសារមានជំងឺរលាកលំពែង រលាកសួតធ្ងន់ធ្ងរ និងមានជាតិ ស្ករឡើងខ្ពស់។ ផ្អែកតាមលទ្ធផលតេស្តសំណាកចំនួនពីរលើក នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថាបុរសខាងលើ មិនមានវិជ្ជមានជំងឺកូវីដ-១៩នោះទេ។
បច្ចុប្បន្នសាកសពបុរសខាងលើ ត្រូវបានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយក ដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីទុកជូនក្រុមគ្រួសារសព។ រដ្ឋបាលខេត្តព្រះសីហនុ សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ក្រុមគ្រួសារនៃសពបុរសជនជាតិចិនខាងលើនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


