ត្បូងឃ្មុំ ៖ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសច្រានចោលទាំងស្រុង នូវការផុសផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើហ្វេសបុកផេកឈ្មោះ Kon Damrey Srok Officail កាលពីព្រលប់ថ្ងៃនេះ ជាការបង្កចលាចលភ័យខ្លាចដល់ប្រជាពលរដ្ឋពាក់ក់ព័ន្ធខ្លឹមសារថា ក្នុងស្រុកមេមត់មានវិជ្ជមានជំងឺកូវីដ១៩មួយករណី ដោយមានការចែកចាយតៗគ្នាជាបន្តបន្ទាប់។
ក្នុងខ្លឹមសារដើមទាំងស្រុងនៃផេកខាងលើនេះ សរសេរថា ចំពោះការផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត គឺមិនមានករណីវិជ្ជមានដូចការលើកឡើងនោះឡើយ ពោលគឺមានតែយកសំណាកពលរដ្ឋ និងធ្វើចត្តាឡីស័កតែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់អះអាងពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
ចំពោះករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមឲ្យម្ចាស់ផេកហ្វេសបុកខាងលើ ធ្វើការលុបចេញជាបន្ទាន់ រួចកែតម្រូវខ្លឹមសារឲ្យបានត្រឹមត្រូវ និងសុំទោសជាសាធារណៈ ព្រមទាំងចូលខ្លួនទៅកាន់អាជ្ញាធរនៃរដ្ឋបាលស្រុកមេមត់ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី បើមិនដូច្នោះទេ នឹងឈានទៅដល់ការលុបផេកខាងលើនេះចោល ព្រមទាំងត្រូវប្រឈមនឹងច្បាប់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពិសេសច្បាប់ថ្មីដែលទើបដាក់អោយអនុវត្តន៍ ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា។ អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋនៅស្រុកមេមត់ ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំទាំងមូល ជ្រាបជាព័ត៌មាន ។
ចំពោះព័ត៌មានផ្លូវការនានានៅក្នុងខេត្ត សូមតាមដានតែនៅលើផេកហ្វេសបុកផ្លូវការរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។
សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា “៣ការពារ ៣កុំ” ឲ្យមានប្រសិទ្ធភាព និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
បើតាមហ្វេសបុកផេកឈ្មោះ Kon Damrey Srok Officail បានលើកឡើងថា ខ្ញុំបាទសុំការអធ្យាស្រ័យ និងសូមភ័យទោសពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចំពោះការបង្ហោះសារមុននេះជាព័ត៌មានមិនពិត និងសូមអំពាវនាមបងប្អូនទាំងអស់ចូលរួមការពារទប់ស្កាត់ជម្ងឺកូវីដ19 តាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ” ៣ កុំ ៣ ការពារ “៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


