ភ្នាក់ងារស៊ើបអង្កេតអាមេរិក បានហ៊ុមព័ទ្ធខាងក្រៅសេតវិមាន ក្រោយការផ្ទុះអាវុធនៅថ្ងៃ ៣មីនា ស្ថានីយ៍ទូរទស្សន៍ CNN បានដកស្រង់សម្តីស្ថាប័នចារកម្មអាមេរិក ឲ្យដឹងថា បុរសម្នាក់បានលូកទាញកាំភ្លើង ដែលលាក់ក្នុងខ្លួន រួចបាញ់ចំក្បាលធ្វើអត្តឃាតនៅមុខរបងសេតវិមាន ។
សំណេរ Tweet របស់ស្ថាប័នចារកិច្ចអាមេរិកឲ្យដឹងថា ភ្នាក់ងារសន្តិសុខបានស្ទុះទៅកាន់កន្លែងកើតហេតុភ្លាមបន្ទាប់ពីឮស្នូរកាំភ្លើង ហើយបានឃើញបុរសនោះបានស្លាប់ក្បែររង ផ្នែកខាងជើងនៃសេតវិមាន។
តាមអ្នកនាំពាក្យរបស់សារប័នខាងលើឲ្យដឹងថា ជននេះបានដើរសំដៅមកកៀករបង រួចដកកាំភ្លើងដែលលាក់នៅក្នុងខ្លួនបាញ់អស់ប៉ុន្មានគ្រាប់ ប៉ុន្តែហាក់ដូចជាពុំសំដៅលើសេតវិមានទេ។ បន្ទាប់មកបុរសនេះបានបាញ់កម្ទេចទូរស័ព្ទរបស់ខ្លួនមុនពេលបង្វែកាណុងចំក្បាលធ្វើអត្តឃាត។ គេបានដឹងអត្តសញ្ញាណរបស់បុរសនេះហើយ ប៉ុន្តែមិនទាន់ទម្លាយអត្តសញ្ញាណនៅមុនពេលដែលព័ត៌មាននេះមិនទាន់ប្រកាសប្រាប់ក្រុមគ្រួសារជនរងគ្រោះ។
កាសែត Washington Post បានដកស្រង់សម្តីសាក្សីឲ្យដឹងថា បុរសនេះបានឈរលាយឡំក្នុងហ្វូងមនុស្សប្រមាណជាង ១០០នាក់ ។ អ្នកធ្វើការក្នុងសេតវិមានត្រូវបានគេបញ្ជូនទៅលាក់ខ្លួនក្នុងទីសុវត្ថិភាព ខណៈពេលដែលភ្ញៀវទេសចរនៅខាងក្រៅភ័យស្លន់ស្លោរ នាំគ្នារត់ផាស់ក្រញាំ ។ ប្រភពពីអាជ្ញាធរឲ្យដឹងថា ពុំមានអ្នករងរបួសទេ។
នាខណៈកើតហេតុនេះ ប្រធានាធិបតី Donald Trump និងជំទាវ Melania Trump កំពុងស្ថិតនៅតំបន់សម្រាកលំហែ Mar-a-lago នារដ្ឋផ្លរីដា ហើយមានគម្រោងនឹងវិលត្រឡប់មកក្រុងវ៉ាស៊ីនតោនវិញនៅយប់ថ្ងៃដដែល៕ សូយន