នាវាផ្ទុយយន្តហោះចំបាំងអាមេរិច USS Carl Vinson នឹងមកដល់ប្រទេសវៀតណាមនៅថ្ងៃច័ន្ទនេះ
ដែលនេះគឺជាវត្តមានជាប្រវត្តិសាស្ត្រលើកដំបូង ចាប់តាំងពីមានសង្គ្រាមវៀតណាមកាលពីជាង ៤០ឆ្នាំមុន។
នាវាផ្ទុយយន្តហោះដ៏មហិមានឹងមានវត្តមាននៅប្រទេសវៀតណាមរយៈពេល ៤ថ្ងៃ ដែលនេះគឺជាឱកាសជាប្រវត្តិសាស្ត្រក្នុងការបង្កើនទំនាក់ទំនងរវាងអតីតគូសត្រូវទាំងពីរ។
អ្នកវិភាគបានលើកឡើងថា ការមកដល់របស់នាវាផ្ទុកយន្តហោះ USS Carl Vinson ក្នុងប្រទេសវៀតណាមគឺមានគោលបំណងយ៉ាងច្បាស់បាញ់ទៅរកទីក្រុងប៉េកាំង ហើយគឺជាការទប់ទល់ទៅនឹងការសាងសង់កោះ និងមូលដ្ឋានយោធានៅក្នុងសមុទ្រចិនខាងត្បូង។
អតីតមេបញ្ជាការកងទ័ពជើងទឹកអាមេរិច ឈ្មោះ John Kirby បានលើកឡើងថា “ប្រទេសវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពឈ្លានពានរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង។ ពួកគេព្រួយបារម្ភពីកន្លែងតែចិននឹងទៅ ហើយពួកគេចង់មានទំនាក់ទំនងល្អជាមួយនឹងអាមេរិច អស់ជាច្រើនឆ្នាំមកហើយ”។
នាវាយក្សដែលមានទំងន់ ៩៥.០០០តោននឹងសំចតប្រមាណជាង ៣គីឡូម៉ែត្រពីកំពង់ផែ Danang ដែលជាតំបន់សមរភូមិយ៉ាងសំខាន់ក្នុងសង្គ្រាមវៀតណាម ដែលបានបញ្ចប់ក្នុងឆ្នាំ ១៩៧៥៕ សុភ័ក្ត្រ