តាកែវ ៖ ក្រោយមានវត្តមានអ្នកជំងឺកូវីដ១៩ម្នាក់នៅក្នុងក្រុងដូនកែវ បង្កការភ័យក្លាចដល់អ្នកលក់ដូរមួយចំនួន នៅផ្សារណាត់ នៅព្រឹកថ្ងៃទី ២៩ខែមិនា ឆ្នាំ២០២១នេះ សឹងតែបិទតូបលក់ដូរទាំងអស់ បន្ទាប់ពីគេបានស្គាល់ថា អ្នកជំងឺកូវីដ១៩ ឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានប្រពន្ធជាអ្នកលក់ដូរបន្លែនៅក្នុងផ្សារណាត់ ។
ជុំវិញមន្ទិលសង្ស័យ និងការឮការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយនោះ ហើយបានបង្ករឲមានការភ័យក្លាច និងព្រួយបារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារណាត់នោះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲភ្នាក់ងារសារពត័មានយើងដឹងនៅវេលាថ្ងៃទី ២៩ មីនា នេះថា ចំពោះអ្នកជម្ងឺឈ្មោះ ហ៊ីង សាមួន ក្រោយដឹងថាគាត់បានពាក់ព័ន្ធនិងទៅធ្វើជាចុងភៅមង្គលការ នៅថ្ងៃដែលបុគ្គល សោភ័ណ្ឌកក្កដា មកចូលរួមកាលពីថ្ងៃទី ១២ មីនា នៅស្រុកសំរោងនោះ គឺរយៈពេល ជាង២សប្តាហ៍មកនេះ អ្នកជម្ងឺខាងលើត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅលើផ្ទះឈើតែម្នាក់ឯង ដោយមិនមានពាក់ព័ន្ធជាមួយបងប្អូន ឬប្រពន្ធកូនគាត់ឡើយ ដោយក្រុមគ្រួសាររបស់គាត់ គឺនៅដាច់ដោយឡែកផ្សេង ពីអ្នកជម្ងឺខាងលើ ។
ក្នុងនោះលោកអភិបាលក្រុងដូនកែវបានបញ្ជាក់ថា លោកនិងស្នើសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តតាកែវ រួមមានមន្ទីរសុខាភិបាលផងដែរ ចេញសេចក្តីជូនដំណឹងមួយ ដើម្បីបញ្ជាក់ពីបញ្ហានេះ កុំឲបងប្អូនប្រជាពលរដ្ឋ មានការភ័យក្លាច និងព្រួយបារម្ភ រហូតដល់បិទតូបផ្សារណាត់ មិនមកលក់ដូរ និងមានអ្នកលក់ដូរក្នុងផ្សារធំតាកែវខ្លះ ឈានដល់មានការរើសអើង ចំពោះអ្នកលក់ដូរដូចគ្នា មិនអោយគ្នាលក់ឡើយ ដោយសារតែអ្នកលក់ដូរនោះមកពីភូមិព្រិច ដែលមានអ្នកជំងឺកូវីដ១៩ ៕រក្សាសិទ្ធិដោយ៖ តាកែវ



