Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ វ៉ាក់សាំង​កូ​វីដ​១៩ ជំនួយ​របស់រដ្ឋា​ភិបាល​ចិន ៧០​ម៉ឺន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ទី​៣១ ខែមីនា ឆ្នាំ​២០២១ នេះ វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​ម​ចំនួន ៧០​ម៉ឺន​ដូ​ស ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​។​

​តាម​ការគ្រោងទុក​វ៉ាក់សាំង​ដ៏​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅពេល​ព្រលប់​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​អញ្ជើញ​ជា​តំណាង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទទួល​វ៉ាក់សាំង ខណៈ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នឹង​តំណាងឱ្យ​រដ្ឋាភិបាល​ចិន ប្រគល់​វ៉ាក់សាំង​នេះ​។​

​យោងតាម​ប្រភពព័ត៌មាន​វ៉ាក់សាំង ៧០​ម៉ឺន​ដូ​ស ដែល​ទទួល​នៅថ្ងៃនេះ មាន​ពីរ​ចំណែក ក្នុងនោះ ៣០​ម៉ឺន​ដូ​ស​ប្រគល់ជូន​ក្រសួងការពារជាតិ និង ៤០​ម៉ឺន​ដូ​ស ប្រគល់ជូន​ទៅខាង​ក្រសួងសុខាភិបាល​។​

​វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​ហ្វា​ម ៧០​ម៉ឺន​ដូ​ស​នេះ គឺជា​ការផ្តល់ជូន​លើក​ទី​២ បន្ថែម​ពីលើ​ជំនួយ​លើក​ទី​១ ចំនួន ៦០​ម៉ឺន​ដូ​ស ដែល​បាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ កន្លងទៅ​។​

​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​ដែរ គឺ​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​១៩ មក​ដល់ពេល​កម្ពុជា កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ រហូតដល់​ទៅ ២,៣៧៧​នាក់ និង​មាន​អ្នកជំងឺ ១១​នាក់ បាន​ស្លាប់​។​

​ក្រៅតែពី​វិធានការ​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​ឆ្លង​ទៅនោះ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺជា​វិធីសាស្ត្រ និង​ជា​ក្តី​រំពឹង​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ធ្វើឱ្យ​ដំណើរការ​សង្គម សេដ្ឋកិច្ច និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​ឡើងវិញ​។ ដូច្នេះ​វ៉ាក់សាំង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន សម្រាប់​កម្ពុជា គឺជា​ជំនួយ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការចាក់​វ៉ាក់សាំង គឺជា​យុទ្ធសាស្ត្រ​ដ៏​ចម្បង​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ សម្តេច​តេ​ជោ បាន​ហៅ​ការទទួលបាន​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់ពី​រដ្ឋាភិបាល​ចិន គឺ​កើតចេញពី​ចំណងមិត្តភាព​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ចិន ដែល​បាន​ផ្តើមឡើង​ដោយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ត្រូវបាន​ពូន​ជ្រុំ​ដោយ​សម្តេច​ផ្ទាល់​នាពេល​បច្ចុប្បន្ន​។​

​វ៉ាក់សាំង​កូ​វីដ​១៩ ជា​ទំនិញ​ដែល​កំពុងមាន​តម្រូវការ​បំផុត​។ ក្នុងនោះ​ប្រទេស​ចិន ក៏​កំពុងមាន​តម្រូវការ​ខ្លាំង​ផងដែរ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន តែ​ទោះជា​យ៉ាង​រដ្ឋាភិបាល​ចិន បាន​បេះ​ពី​មាត់​ពង្រាត់​ពី​ក ដើម្បី​ផ្តល់​វ៉ាក់សាំង​ជូន​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​អះអាងថា បើ​គ្មាន​ទំនាក់ទំនង​ល្អ កម្ពុជា​នឹងមិន​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ពី​រដ្ឋាភិបាល​ចិន​ក្នុង​គ្រា​ដ៏​លំបាក​នេះឡើយ​។​

​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល ត្រូវបាន​គេ​មើលឃើញថា បង្កើន​កិច្ចសហប្រតិបត្តិការ​នឹង​គ្នា​ជាច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ចាប់តាំងពី​ការផ្ទុះ​ឡើង​នៅ​ចុងឆ្នាំ​២០១៩​។ លោក វ៉ាង វិ​ន​ធាន តំណាងឱ្យ​រដ្ឋាភិបាល​ចិន ធ្លាប់បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ឧបត្ថម្ភ​គាំទ្រ​រហូតដល់​កម្ពុ​ជាយ​ក​ឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩​។​

​ជាមួយនឹង​ការទទួលបាន​ជំនួយ​វ៉ាក់សាំង ៧០​ម៉ឺន​ដូ​ស បូក​នឹង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ដែល​បាន​ទិញ ១.៥​លាន​ដូ​ស​ក្នុងតម្លៃ​ដ៏​ពិសេស​ពី​ក្រុមហ៊ុន​ចិន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ដាក់ចេញ​ផែនការ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។ សម្តេច​តេ​ជោ បានប្រកាស​ប្រើពេល​មួយខែ ចាក់​វ៉ាក់សាំង​ឱ្យបាន​១​លាន​ដូ​ស​។​

​តាមរយៈ​ផែន​ការចាក់​វ៉ាក់សាំង និង​ការទទួលបាន​វ៉ាក់សាំង​ជា​បន្តបន្ទាប់ គេ​រំពឹងថា កម្ពុជា អាច​នឹង​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​ដំណើរការ​សង្គម សេដ្ឋកិច្ច និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​អាច​វិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​។​

​សូមបញ្ជាក់ថា មកដល់​ពេលបច្ចុប្បន្ន​កម្ពុជា មាន​វ៉ាក់សាំង​ចំនួន ៣​ប្រភេទ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ រួមមាន​៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ជំនួយ​របស់​រដ្ឋាភិបាល​ចិន​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ទិញ​ពី​ក្រុមហ៊ុន​ចិន និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ដែលជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាមរយៈ​អង្គការ​សុខភាព​ពិ​ភ​លោក​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×