Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡដុតអគ្គិសនី សម្រាប់បូជាសពអ្នកជំងឺកូវីដ១៩ បញ្ជាទិញពីបរទេស មកដល់ឆាប់ៗហើយ ខណៈបច្ឆាស្តង់ដាចំនួន៦ កំពុងពន្លឿនការសាងសង់

spot_img

ភ្នំេពញ ៖ ឡដុត (គ្រឿងម៉ាស៊ីនអគ្គិសនី) ត្រូវបានបញ្ជាទិញរួចរាល់ហើយ ខណៈទីបច្ឆាស្តង់ដាបច្ចេកទេសចំនួន ៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារកូវីដ១៩ ក៏កំពុងពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃ នៅលើផ្ទៃដីប្រមាណ ១០ ហិកតា ស្ថិតក្នុងភូមិជាំ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមលោក លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹង។

លោក ម៉េត មាសភក្តី បានឲ្យដឹងថា ទាក់ទងនឹងករណីដ៏ចាំបាច់នេះ ក្រុមការងារពាក់ព័ន្ធ កំពុងសម្រុករៀបចំប្លង់រួចរាល់ហើយ និងជម្រុញឲ្យបានរួចរាល់យ៉ាងលឿនបំផុត ខណៈដែលខាងផ្នែកតបណ្តាញអគ្គិសនី ក៏កំពុងដំណើរការផងដែរ។

លោកបន្តថា ចំណែកឡដុត (គ្រឿងអគ្គិសនី) ត្រូវបានបញ្ជាទិញពីបរទេសរួចរាល់អស់ហើយៗ នឹងមកដល់ឆាប់ៗនេះ។ តែយ៉ាងណា បើទោះជាកិច្ចការនេះ ជាអ្វីដែលយើងបានគ្រោង និងរៀបចំទុក ដើម្បីបង្ការហានិភ័យណាមួយកើតឡើងក៏ដោយ ក៏រហូតមកដល់បច្ចុប្បន្ននេះ គឺមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើតមានជាបន្តបន្ទាប់ ឈានដល់១១នាក់ហើយ។

លោក ម៉េត មាសភក្ដី បានឲ្យដឹងថា ផ្ទៃដីប្រមាណ ១០ ហិកតា ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងក្លាយជាទីតាំងបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ ១៩ ព្រោះថា ទីតាំងនេះ គឺមានសុវត្ថិភាព និងជាជម្រើសដ៏ល្អ ដែលមិនប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋនោះទេ។

គួរបញ្ជាក់ថា ការសម្រេចជ្រើសរើសយកទីតាំងមូលដ្ឋាន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបូជាសពអ្នកជំងឺកូវីដ១៩ គឺត្រូវបានធ្វើឡើង បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន មកកាន់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលកន្លងមកនេះ។

តាមរយៈនេះផងដែរ លោក ម៉េត មាសភក្តី ក៏បានអំពាវនាវ និងក៏ដូចផ្តាំជាសារក្រើនរំលឹកបន្ថែមទៀត ដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក៏ដូចវិធានទប់ស្កាត់ការចម្លងការរីករាលដាលជំងឺកូវីដ ១៩ «៣ ការពារ ៣ កុំ » របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×