Tuesday, June 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានទាញយកទិន្នន័យច្រើនជាងទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ដល់ទៅ ២០ដងឯណោះ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃនៅថ្ងៃ១មេសានេះ បានចេញផ្សាយព័ត៌មានថា មិនថាលោកអ្នកកំពុងតែប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ឬ iOS នោះទេ គឺទូរសព្ទទាំងនោះតែងតែបានប្រមូលនិងបញ្ជូនទិន្នន័យរបស់លោកអ្នក ដែលមានដូចជា ទីតាំង លេខទូរសព្ទ និងព័ត៌មានលម្អិតទាក់ទងទៅនឹងប្រព័ន្ធបណ្តាញ ឱ្យទៅក្រុមហ៊ុន Google ឬក្រុមហ៊ុន Apple ទោះបីជាទូរសព្ទទាំងនោះមិនកំពុងត្រូវបានប្រើប្រាស់ក៏ដោយ។

ប៉ុន្តែអ្វីដែលធ្វើឱ្យក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភនោះគឺ ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានធ្វើការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ បើធៀបទៅនឹងការទាញយកទិន្នន័យរបស់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS នេះបើតាមការរកឃើញរបស់លោក Douglas Leith ដែលជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមកពីមហាវិទ្យាល័យ Trinity College នៅក្នុងប្រទេសអៀរឡង់។

លោក Leith បានឱ្យដឹងថា គ្រាន់តែលោកអ្នកបើកទូរសព្ទភ្លាមទិន្នន័យចំនួន 1MB ត្រូវបានផ្ញើទៅឱ្យក្រុមហ៊ុន Google ប៉ុន្តែសម្រាប់ក្រុមហ៊ុន Apple វិញនោះ ចំនួនទិន្នន័យត្រឹមតែ 42KB ប៉ុណ្ណោះដែលត្រូវបានផ្ញើទៅឱ្យក្រុមហ៊ុន។ ដោយឡែកចំពោះអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកវិញ ក្រុមហ៊ុន Google បានទាញយកទិន្នន័យពួកគេចំនួនប្រមាណ 1.3TB ហើយក្រុមហ៊ុន Apple បានទាញយកទិន្នន័យចំនួន 5.8GB ក្នុងរយៈពេល១២ម៉ោង។

លោក Leith ក៏បានបញ្ជាក់ផងដែរថា វាមិនមែនត្រឹមតែកម្មវិធីប្រព័ន្ធប្រតិបត្តិការប៉ុណ្ណោះទេ ដែលបានទាញយកទិន្នន័យនោះ សូម្បីកម្មវិធីទាំងអស់ដែលអ្នកប្រើប្រាស់ ឬក្រុមហ៊ុនបានដំឡើងចូលក្នុងទូរសព្ទ ក៏កំពុងធ្វើការទាញយកទិន្នន័យផងដែរ ទោះជាអ្នកប្រើប្រាស់មិនដែលបានបើកវាប្រើក៏ដោយ។ កម្មវិធីមួយចំនួនរបស់ក្រុមហ៊ុន Apple ដែលតែងតែទាញយកទិន្នន័យមានដូចជា Siri, Safari និង iCloud ចំណែកឯក្រុមហ៊ុន Google វិញមានកម្មវិធីដូចជា Chrome, YouTube, Google Docs, Safetyhub, Google Messenger, the device clock និង Google search bar ជាដើម ដែលតែងតែទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×