ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២០ បានផ្ដល់លិខិតបញ្ជាក់ការនាំចេញ នាំចូល ត្បូងពេជ្រមិនទាន់កែច្នៃ និងសល់ពីការកែច្នៃ។ ក្នុងនោះ ផ្តល់លិខិតបញ្ជាក់នាំចូលចំនួន ២៣ច្បាប់ មានទឹកប្រាក់ ២៣,៨៩លានដុល្លារអាមេរិក និងនាំចេញចំនួន ២២ច្បាប់ មានទឹកប្រាក់ ១៩,៨២លានដុល្លារអាមេរិក។
ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បាននិងកំពុងអភិវឌ្ឍន៍វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន ដោយទទួលបានឱកាសកាន់តែច្រើនជាងមុន បន្ទាប់ពីកម្ពុជា ចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process នៅចុងឆ្នាំ ២០១២ និងបូករួមនឹងការអនុគ្រោះពន្ធលើការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កំពុងតែទាក់ទាញវិនិយោគិនពីខាងក្រៅច្រើនឡើង ឲ្យមកវិនិយោគលើការកែច្នៃត្បូងមានតម្លៃនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ឆ្នាំ ២០១៩ កម្ពុជាបាននាំចេញត្បូងថ្ម និងគ្រឿងអលង្ការមានតម្លៃសរុបជាង ៤១៨លានដុល្លារអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិ។ កម្ពុជា បាននាំចេញគជ់ធម្មជាតិ ឬគជ់ចិញ្ចឹម ត្បូងថ្មមានតម្លៃ ត្បូងថ្មមានតម្លៃប្រហាក់ប្រហែលលោហធាតុមានតម្លៃ លោហធាតុស្រោបដោយលោហៈមានតម្លៃ និងគ្រឿងអលង្ការកាឡៃ និងកាក់ ជាដើម។
ដោយឡែកកម្ពុជាក៏បាននាំចូលត្បូងថ្ម និងគ្រឿងអលង្ការមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកវិញជាង ១៩៤លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩។ ប្រទេស ថៃ សិង្ហបុរី កាណាដា បែលហ្ស៊ិក និងហុងកុង គឺជាទីផ្សារនាំចូលធំជាងគេរបស់កម្ពុជា។
គួរបញ្ជាក់ថា ប្រទេស សិង្ហបុរី ជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ២២៦លានដុល្លារអាមេរិក ប្រទេសថៃឈរនៅលេខ ២ មានប្រមាណ ១៦៥លានដុល្លារអាមេរិក និងសហរដ្ឋអាមេរិកមានជាង ២៣លានដុល្លារ។ ចំណែកឯទីផ្សារនាំចេញផ្សេងទៀត រួមមាន ប្រទេសវៀតណាម បែលហ្ស៊ិក ជប៉ុន អ៊ីតាលី និងប្រទេសចិន៕
រក្សាសិទ្ធិដោយ៖CEN