ភ្នំពេញ ៖ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ល្បីល្បាញមួយនៅលើពិភពលោក។ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានជាច្រើនទាក់ទងនឹងវត្តមានថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក មួយនេះ គ្រោងនឹងបើកការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញប្រទេសកម្ពុជា រហូតដល់មានការចែកចាយនូវរូបភាពទីតាំង ក្រុមហ៊ុននេះទៀតផង។
តាមរយៈ Facebook Page មួយ បានបង្ហោះទីតាំងអគារ «Tesla Cambodia» ដែលនេះជានិមិត្តសញ្ញារបស់ក្រុមហ៊ុន Tesla ដោយទីតាំងនេះ គឺនៅលើមហាវិថីសហព័ន្ធរុស្ស៊ី។ នៅលើបណ្ដាញសង្គម Facebook មានការ លើកឡើងជាច្រើនថា Tesla នឹងបើកការិយាល័យរបស់ខ្លួននៅទីតាំងនេះ នៅក្នុងចុងខែមេសាខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់អ្នក សារព័ត៌មានថា ក្រុមហ៊ុន Tesla ពិតជាបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជាមែន ដោយមានទីតាំងពីរផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ទី១ គឺក្រុមហ៊ុន Tesla Industries Co.,Ltd និងទី២ គឺក្រុមហ៊ុន Tesla Engineering and Construction Co.,Ltd។ ដោយឡែក «Tesla Cambodia» លោកមិនទាន់ដឹងព័ត៌មាននេះនៅឡើយទេ៕
រក្សាសិទ្ធិដោយ៖CEN