ភ្នំពេញ ៖ ភាគហ៊ុនទាំងប្រាំពីរ នៅថ្ងៃសុក្រសប្តាហ៍មុននេះ បង្ហាញការឡើងចុះបន្តិចបន្តួចប៉ុណ្ណោះ ដោយភាគហ៊ុនទាំងអស់បានបិទជាមួយនឹងបម្រែបម្រួល ខ្ពស់ និងទាបបំផុតត្រឹមតែ ២០រៀល ក្នុងមួយហ៊ុន។
ជាក់ស្តែងថ្លៃភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង ផេសថិក (PEPC) បានកើនឡើងដល់ ៦.៥៦០រៀល និង ៣.០៤០រៀល ខណៈដែល ហ្ក្រេធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ ( PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានថយចុះមកត្រឹម ៤.០៤០រៀល ១៣.០៦០រៀល និង ១៣.០០០រៀលរៀងគ្នា។
ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងធនាគារអេស៊ីលីដា (ABC) បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះតិចជាង ០,០១% ពោលគឺថយចុះត្រឹម ០,០២ ពិន្ទុប៉ុណ្ណោះ មក ៦៤១,៨២ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួនត្រឹមតែ ៥៩,០៨ លានរៀលប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ៖CEN