Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះបញ្ជីម៉ាកកើនឡើង ៣០ភាគរយ ឬជិត៨ ០០០ម៉ាកនៅឆ្នាំ២០២០

ភ្នំពេញ ៖ ការចុះបញ្ជីម៉ាកក្នុងស្រុក និងក្រៅស្រុករួមទាំងការចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដសុរបចំនួន ៧ ៩៩៧ម៉ាក នៅក្នុងឆ្នាំ២០២០ កើនឡើង ៣០ភាគរយធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។

ក្នុងនោះការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិបានចំនួន ៥ ៦២៨ម៉ាក កើនឡើង៣២ភាគរយ ការចុះបញ្ជីតាមប្រព័ន្ធអន្តរជាតិ បានចំនួន ២ ៣៦៩ម៉ាក កើនឡើង២៥ភាគរយ។

ក្រសួងបានសម្រេចស្ទើតែទាំងស្រុងការចុះបញ្ជីម៉ាកកកស្ទះដែលបានដាក់ពាក្យស្នើសុំមុនឆ្នាំ២០២០ ហើយបានសម្រុះសម្រួលការរំលោភ បំពានម៉ាកបានចំនួន ២៣ករណី និងលុបចោលចំនួន ៣៧ម៉ាក។

បើយោងតាមក្រសួងពាណិជ្ជកម្ម ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រសួងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី ដែលគ្រោងដាក់សម្ពោធក្នុងខែមេសាឆ្នាំ២០២១។ ការដាក់ពាក្យសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម្រេចកំពតជាអន្តរជាតិនៅ៣២ប្រទេសក្រោមច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន និងបានចុះបញ្ជីជាផ្លូវការកាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០។

ក្រសួងក៏កំពុងអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ អំបិល និងផ្កាអំបិលកំពត និងកំពុងអនុវត្តគម្រោងកសាងកេរ្តិឈ្មោះ និងសមត្ថភាព របស់សមាគម តាមរយៈការជំរុញឲ្យ ប្រើប្រាស់រូបសញ្ញាជាតិម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម្រេចកំពត ស្ករតោ្នតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ ហើយមន្រ្តីជំនាញក៏កំពុងសិក្សាស្រាវជ្រាវផលិតផល អង្កថ្មគោល និងធុរេនកំពត ដើម្បីត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។

ចំពោះម៉ាសមូលហភាព មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម បានរៀបចំចុះបញ្ជីម៉ាកសមូហភាព អំបុកកំពង់ធំ នំបញ្ចុកសៀមរាប ចម្លាក់ប្រាក់ ស្ពាន់ ឃុំកំពង់លួង កោះចិនខេត្តកណ្តាល ស្នូនឆ្នាំងដីខេត្តកំពង់ឆ្នាំង និងពងទាកូនស្រែរនោង ខេត្តតាកែវ និងកំពង់សិក្សាស្រាវជ្រាវផលិតផល សក្កានុពល សូត្រខ្មែរ អង្ករសរីរាង្គព្រះវិហារ ក្រូចពោធិ័សាត់ អង្ករស្មាច់ស្វាយរៀង ធុរេនសំឡូត មៀនប៉ៃលិន អង្ករនាងអំ ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសមូហភាព។

ក្រសួងពាណិជ្ជកម្មក៏បានចុះបញ្ជីម៉ាកវិញ្ញាតកម្ម MALYS ANGKOR នៅកម្ពុជានិងបានដាក់ពាក្យស្នើចុះបញ្ជីការពារនៅប្រទេសចំនួន ១៤ទៀត តាមប្រព័ន្ធចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិ៕
រក្សាសិទ្ធិដោយ៖CEN

×