Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្ករកម្ពុជា ពីរប្រភេទ គ្រោងចុះបញ្ចីម៉ាកសមូហភាព ដើម្បីជួយពង្រឹងគុណភាព និងបង្កើនការផលិត

ភ្នំពេញ ៖ អង្ករកម្ពុជា ពីរប្រភេទ ដែលគ្រោងចុះបញ្ចីម៉ាកសមូហភាពនេះ គឺអង្ករម៉ាកសែនក្រអូប និងដំណើបស្បៃមង្គល។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការចុះបញ្ជីអង្ករកម្ពុជាទាំងពីរប្រភេទនេះ គឺដើម្បីជួយពង្រឹងគុណភាព និងបង្កើនការផលិតលើអង្ករកម្ពុជា។

លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការចុះបញ្ជីម៉ាកលើអង្ករទាំងពីរប្រភេទនេះ ជាកត្តារួមចំណែកក្នុងការអភិវឌ្ឍន៍ និងអភិរក្សពូជស្រូវរបស់កម្ពុជា ហើយមូលហេតុ ដែលសហព័ន្ធជ្រើសរើសយកអង្ករទាំងពីរប្រភេទនេះ ដោយសារតែអង្ករទាំងពីរនេះ មានពូជគ្រឹះត្រឹមត្រូវ ដែលទើបទទួលស្គាល់ដោយវិទ្យាស្ថានអភិវឌ្ឍន៍វិស័យកសិកម្មនៃក្រសួងកសិកម្ម។

សហព័ន្ធស្រូវអង្ករកម្ពុជាកន្លងទៅ បានចុះបញ្ជីម៉ាកវិញ្ញតកម្មលើ អង្ករម្លិះអង្គរ (Certification mark) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាម្តងរួចមកហើយ។ ហើយសហព័ន្ធ ក៏នឹងចុះអនុសារណយោយល់ជាមួយទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញដល់ការនាំចេញម៉ាកអង្កររបស់កម្ពុជា ដែលបានបញ្ជាក់គុណភាព និងចុះបញ្ជីរួច ជាពិសេសម៉ាកម្លិះអង្គរ និងសែនក្រអូប។

រយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ ៦៤.៥៣ លានដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន ដែលការនាំចេញក្នុងរយៈពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០ ។ ការថយចុះនេះ គឺបណ្តាលមកពីមូលហេតុចំបង ដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។

ចំពោះទិសដៅទីផ្សារ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ក្នុង ដែលមានចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣៧ ៦៣០ តោន។ រីឯទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១% គិតជាបរិមាណ មានចំនួន ១៨ ៩៩៦ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨ ៨៥០ តោន។ ទីផ្សារបន្ទាប់ ដែលមានចំណែក៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសាំងហ្កាពួរ ដែលមានចំនួន ៦ ២២៩ តោន និងចំណែក ១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣ ៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេន ជាដើម។

គួរបញ្ជាក់ថា ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ សែនក្រអូប ជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦៥ ៣៧៤ តោន។ អង្ករស ត្រូវបាននាំចេញ ១០ ១១៦ តោន និងអង្ករចំហុយ មាន៧៣២ តោន៕
រក្សាសិទ្ធិដោយ៖CEN

×