តាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានក្រើនរំលឹកបន្ថែមទៀត ទៅដល់ក្រុមគ្រូពេទ្យទាំងអស់ ដែល មានភារកិច្ចស្នូលក្នុងការពិនិត្យ ព្យាបាល និងថែទាំងអ្នកជំងឺគ្រប់ប្រភេទ សូមបង្កើនការប្រុងប្រយ័ត្ន និង ថែរក្សា សុខភាពចំពោះខ្លួនឯងអោយបានខ្ពស់ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ពីព្រោះក្នុងពេលបច្ចុប្បន្ននេះ លោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ គឺជាមនុស្សដែលមិនអាចខ្វះបាន នៅក្នុងកត្តាព្វកិច្ចប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។
នៅក្នុងឱកាសអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់ស៊ីស៊ីណូវ៉ាក់ ជូនមន្រ្តីរាជការខេត្តតាកែវ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា យើងដឹងហើយថា ក្រុមគ្រូពេទ្យដែលជាកងទ័ពអាវសជួរមុខ ពួកគាត់មមាញឹកក្នុងការ ពិនិត្យ និងព្យាបាលអ្នកជំងឺទូទៅច្រើននាក់ណាស់ ជារៀងរាល់ថ្ងៃ មិនថារដ្ឋនិងផ្នែកឯកជន ដូច្នោះសូមក្រុមគ្រូពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រយ័ត្នប្រយែងចំពោះខ្លួនឯង ព្រោះប្រសិនណាគ្រូពេទ្យសង្ស័យឬបានឆ្លងជំងឺកូវីដ១៩ នោះនឹងយកគ្រូពេទ្យទៅធ្វើចត្តាឡីស័កឬព្យាបាលជំងឺកូវីដ១៩សិន ។
ឯកឧត្តមអភិបាលខេត្តតាកែវ បន្ថែមទៀតថា បញ្ហាក្រុមគ្រូពេទ្យដែលព្យាបាលអ្នកជំងឺច្រើន ហើយមិនបានចាប់អារម្មណ៍លើអ្នកផ្ទុកជំងឺកូវីដ១៩ វាជាក្តីបារម្ភសម្រាប់យើង ព្រោះបើកាលណាគ្រូពេទ្យគាត់បានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលចំពោះអ្នកសង្ស័យឬអ្នកកើតជំងឺកូវីដ១៩ នឹងត្រូវយកគាត់ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលអាចខ្វះក្រុមគ្រូពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដូច្នោះសូមក្រើនរំលឹកជាថ្មីម្តងទៀតដល់ក្រុមគ្រូពេទ្យទាំងអស់ បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ។
ជាមួយគ្នានេះដែរ ក្រៅពីបានរំលឹកទៅដល់ក្រុមគ្រូពេទ្យអោយប្រុងប្រយ័ត្នក្នុងពេលព្យាបាលអ្នកជំងឺ ឯកឧត្តមក៏បានណែនាំបន្ថែមផងដែរទៅដល់អភិបាលក្រុងស្រុកទាំង១០របស់ខ្លួន ត្រូវយកចិត្តទុកដាក់បន្តទៀត ចំពោះបងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានវិលត្រឡប់មកលេងស្រុកកំណើតជួបជុំបងប្អូន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ និងអប់រំផ្សព្វផ្សាយបន្ថែមទៀត ពោលគឺត្រូវតម្រូវអោយពួកគាត់ដែល វិលត្រឡប់មកលេងស្រុកកំណើតឬអ្នកចំណូលថ្មី ត្រូវសាកសួរព័ត៌មានអំពីគាត់ឲ្យបានច្បាស់ ថាតើគួរយកគាត់មកធ្វើចត្តាឡីស័កឬយ៉ាងណា ដើម្បីកុំអោយជំងឺកូវីដ១៩ បន្តឆ្លងរីករាលដាលចូលដល់សហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ។
បើតាមការបញ្ជាក់ពីឯកឧត្តម នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ថ្ងៃដំបូងសម្រាប់ខេត្តតាកែវ ដែលចាក់ជូនសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត នឹងមន្រ្តីរាជការជុំវិញខេត្តនាពេលនេះ គឺខេត្តតាកែវ ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ប្រមាណជិត៤ម៉ឺនដូស ដែលនឹងចាក់ជូនមន្រ្តីរាជការទូទាំងខេត្តតាកែវ ជិត២ម៉ឺននាក់ផងដែរ ៕រក្សាសិទ្ធិដោយ៖ តាកែវ

