តាកែវ ៖ នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកជំងឺឈ្មោះ ហ៊ីង សាមួន មានទីលំនៅរស់នៅភូមិប្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាចុងភៅក្នុងថ្ងៃមង្គលការដែលកក្កដាសោភ័ណ្ឌ បានមកចូលរួមនោះ បានជាសះស្បើយហើយ និងត្រូវបានបញ្ជូនត្រឡប់ទៅគេហដ្ឋានវិញហើយ តែត្រូវឲគាត់ធ្វើចត្តាឡីស័ក នៅផ្ទះចំនួន ១៤ថ្ងៃបន្តទៀត ។
ក្នុងនោះដែរលោក កង អាណាន់ អភិបាលក្រុងដូនកែវ រួមជាមួយលោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងក្រុមការងារបានមកលើទឹកចិត្ត និងធ្វើការណែនាំដល់រូបគាត់ត្រូវបន្តធ្វើចត្តាឡីស័ក នៅក្នុងផ្ទះដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃ មិនអនុញ្ញាតឲដើរចេញក្រៅផ្ទះឡើយ ។
ដោយឡែកក្រុមគ្រួសាររបស់គាត់ ក៏ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញដែរ ក្រោយយកសំណាកចំនួន ២ដងទៅពិនិត្យ ទទួលបានលទ្ធផលអវិជ្ជមានទាំង ២លើក ។
លោកវេជ្ជបណ្ឌិត ឈូវ ឈួន បានបញ្ជាក់ឲ្យដឹងថា ក្នុងករណីអ្នកជំងឺឈ្មោះ ហ៊ីង សាមួន ក្រោយរកឃើញថា មានវិជ្ជមានកូវីដ១៩នោះ គឺត្រូវបានក្រុមគ្រូពេទ្យយកគាត់មកធ្វើការព្យាបាល ចំនួន ៨ថ្ងៃ ដោយស្ថានភាពសុខភាពរបស់អ្នកជំងឺមានភាពរឹងមាំ សុខភាពល្អនោះ ក្រុមគ្រូពេទ្យបាន យកសំណាករបស់អ្នកជំងឺ ហ៊ីង សាមួន នោះទៅពិនិត្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តជំនួន ៣លើក និងលើកទី ៤ យកសំណាករបស់គាត់ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ជាលទ្ធផលទាំង ៤លើក គឺបានបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទាំង ៤លើក ។
ក្រោយដឹងលទ្ធផលច្បាស់លាស់ និងការអះអាងពីលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវផងដែរនោះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមានការយល់ច្រឡំពីមតិ និងពាក្យចរចាមអារ៉ាម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលថាពេទ្យចាប់ច្រឡំនោះ គឺមិនពិតទេ រាល់លទ្ធផលទាំងអស់ គឺកើតចេញពីការរកឃើញពីសំណាករបស់អ្នកជំងឺផ្ទាល់ និងចេញលទ្ធផលដោយក្រសួងជំនាញ ៕ រក្សាសិទ្ធិដោយ៖ តាកែវ

