ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិភ័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រេចបាន និងគម្រោងកំពុងអនុវត្តបន្តនានា និងទិដ្ឋភាពជាច្រើនដែលចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងដូចជា៖ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់ គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាដើម្បីកាត់ពិន្ទុបណ្ណបើក បរចំពោះអ្នកបើកបរដែលល្មើស ខណៈការពិន័យជាប្រាក់នៅតែពុំរាងចាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជាផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី អំពីអត្រានៃគ្រោះថ្នាក់ចរាចរណ៍ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាមួយថ្មីទៀតក្នុងការចាប់យក រូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះមានកម្មវិធីស្កេនលើ បណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។
ក្រុមការងារព័ត៌មានវិទ្យារបស់ក្រសួងកំពុងជំរុញការងាររៀបចំប្រព័ន្ធនេះឱ្យបានចប់សព្វគ្រប់ ដើម្បីយកទៅធ្វើបទបង្ហាញជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង។
លោករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពលើការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញដែលត្រូវបានសិក្សាចប់សព្វគ្រប់ហើយ និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍ អាស៊ីជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ
លោករដ្ឋមន្ត្រីបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិសនៃការអភិវឌ្ឍរបស់ខ្លួនទៅលើ តំបន់ឆ្លងកាត់ព្រំដែននានារបស់កម្ពុជា (Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេស ទីផ្សារមហាអនុតំបន់ទន្លេមេគង្គ(GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការ ឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឱ្យប្រសើរឡើងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាតាម រយៈកំណើនសេដ្ឋកិច្ច។
ជាការឆ្លើយតប គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ចំពោះសំណើនានា ដែលរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើង និងបានគូសបញ្ជាក់ថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ